ខេត្តសៀមរាប៖ អង្ករចំនួន៥០០គីឡូក្រាម របស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនសាខាសៀមរាប ត្រូវបានផ្ដល់ជូន រដ្ឋបាលខេត្តសៀមរាប ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាតត្បាតនៃជម្ងឺកូវីដ១៩។
ការផ្ដល់នេះនៅព្រឹកមិញក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា ខេត្តសៀមរាប។
លោកពិន ប្រាកដ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនសាខាសៀមរាប ក៏ដូចជាបណ្តាក្រុមហ៊ុននានា ក្នុងពេលកន្លងមក ដែលបានបរិច្ចាគនូវសម្ភារៈបរិក្ខាមួយចំនួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង កូវីដ១៩នៅកម្ពុជា។
លោកបានបន្តទៀតថា កាយវិការដ៏សប្បុរសធម៌នេះ គឺជាចំណែកមួយក្នុងការពង្រឹងស្មារតីប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ នៅកម្ពុជា ហើយកន្លងមកនេះក៏មានបណ្តាក្រុមហ៊ុន បងប្អូនសប្បុរសជនទាំងក្នុង និង ក្រៅប្រទេស បានផ្តល់ជាសម្ភារៈបរិក្ខាពេទ្យគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បយកទៅបម្រើការងារយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវិដ១៩ នៅគ្រប់បណ្តាក្រុង ស្រុកទាំង១២របស់ខេត្តសៀមរាបផងដែរ៕SRP

