ផ្អាកការងារបណ្តោះអាសន្ន នាយប៉ុស្តិ៍រដ្ឋបាលព្រៃជ្រូក
ខេត្តសៀមរាប៖នៅទីបំផុតនាយប៉ុស្តិ៍រដ្ឋបាលព្រៃជ្រូក ត្រូវបានផ្អាកការងារបណ្តោះអាសន្ន តាមរយៈលិខិតបង្គាប់ការរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2026 នេះ។
នៅក្នុងលិខិតបង្គាប់ការរបស់ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា
សម្រេច ប្រការ១: ត្រូវបានអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី គិន នឿង អត្តលេខៈ២៩៩៥៥ ឋានៈនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃជ្រូក នៃអធិការដ្ឋាននគរបាលស្រុកពួក ដោយរូបភាពផ្អាកការងារបណ្តោះអាសន្ន និងមកបង្ហាញមុខនៅអធិការដ្ឋាននគរបាលស្រុកពួក ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ – មូលហេតុ៖ ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។
ប្រការ២: លោកស្នងការរង ទទួលផែនការងារធនធានមនុស្ស, លោកស្នងការរង ទទួលផែនការងារសេនាធិការ, លោកនាយការិយាល័យបុគ្គលិក, លោកអធិការនគរបាលស្រុកពួក អង្គភាពពាក់ព័ន្ធនិងសាមីខ្លួន ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមជម្រាបថា លោក គិន នឿង នាយប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប បានរងការរិះគន់ថា បានដោះលែងមេល្បែងស៊ីសងអាប៉ោង ម្នាក់ ដោយមិនខ្លាចញញឹមនិងផ្គើននឹងថ្នាក់លើ។
ការដោះលែងនេះបន្ទាប់ពីអាជ្ញាធរស្រុកពួក បានធ្វើការចុះបង្ក្រាបវង់ល្បែងអាប៉ោងកាលពីថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសៀមរាប ប៉ុស្តិ៍។
យោងតាមប្រភពបានរាយការណ៍ថា អភិបាលរងស្រុកពួក ចុះបង្ក្រាបល្បែងស៊ីសង ដែលមានឈ្មោះ សៀង ជាមេខ្លោង សរុបមានគ្នា ចំនួន ៧នាក់ ប្រគល់ឱ្យប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ដើម្បីអនុវត្តតាមនីតិវិធី ប៉ុន្តែក្រោយមកបាត់ឈ្មោះ សៀង ដែលជាមេខ្លោងនៅសល់តែមនុស្ស៦នាក់ប៉ុណ្ណោះ។
បើតាមប្រភព ករណីនេះ នគរបាលឃុំព្រៃជ្រូក ជាពិសេស លោក គិន នឿង នាយប៉ុស្តិ៍នគរបាលព្រៃជ្រូក អាចមានចេតនា ដោះលែងមេការអាប៉ោង ឈ្មោះ សៀង ឲ្យរត់គេចខ្លួន មុនបញ្ជូនទៅអធិការ។
ជុំវិញករណីនេះ អភិបាលស្រុកពួក លោកស៊ិន ចាន់ថុល បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា កាលពី ខែកុម្ភៈ ឆ្នាំ ២០២៦ លោកបានចាត់ឱ្យអភិបាលរងស្រុកម្នាក់ ចុះទៅបង្ក្រាប ហើយបានយកមកធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ក៏ប៉ុន្តែពួកគេមិនរាងចាល នៅតែលេងបន្តទៀត ហើយនៅប៉ុន្មានថ្ងៃមុននោះ លោកបានចុះទៅបង្ក្រាបផ្ទាល់ ក៏ប៉ុន្តែអ្នកមើលផ្លូវឲ្យក្រុមលេងល្បែង ស្គាល់ឡានរបស់លោក ក៏រាយការណ៍ដល់លេងល្បែងរត់គេចអស់ ហើយយប់លោកក៏បានចាត់ឲ្យបានរងស្រុក ចុះទៅម្ដងទៀតនៅពេលយប់ ក៏ចាប់បាន ៧នាក់ ប្រគល់ឲ្យទៅប៉ុស្តិ៍ឃុំព្រៃជ្រូកតែម្ដង។
បើតាមអភិបាលស្រុកពួក ករណីនេះខ្ញុំបានចាត់អភិបាលរង ឲ្យទៅបង្រ្កាបក្រោយទទួលសេចក្តីរាយការណ៍ពីភូមិមក ក្រោយពីចាប់បានប្រគល់ទៅឲ្យប៉ុស្តិ៍ ស្រាប់តែបាត់មេអាប៉ោង ! គឺមេល្បែង។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ចំពោះករណីនេះ លោកទទួលបានព័ត៌មានហើយ ឯរឿងយកលុយនោះ កំពុងស្រាវជ្រាវ មិនដឹងពិតឬអត់។
សូមជម្រាបថា បង្ក្រាបល្បែងស៊ីសងនេះ គឺបង្ក្រាបដោយអាជ្ញាធរស្រុកពួក មិនមែន លោក គិន នឿង មេប៉ុស្តិ៍ឃុំព្រៃជ្រូកចុះបង្ក្រាបនោះទេ ព្រោះកាលណាប្រាប់អាចបែកការណ៍។ ជាមួយគ្នាដែរ លោក គិន នឿងមេប៉ុស្តិ៍ព្រៃជ្រូកមានរឿងមិនប្រក្រតីជាច្រើន ក្នុងការដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃជ្រូក។
ពាក់ព័ន្ធទៅនឹងករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូកនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

