ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
ក្រុមមន្ត្រីការងារបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី១ ខែ កុម្ភៈ ឆ្នាំ២០២៦ បានចុះពិនិត្យ និងសិក្សាច្រាំងទន្លេមេគង្គដែលបានបាក់ស្រុតនៅទីក្រុងកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ នៅក្រុងកំពង់ចាម។
ក្រុមមន្ត្រីការងារបច្ចេកទេសបានប្រើប្រាស់ដ្រូនស្កេនរយៈកម្ពស់ដី និងប្រើប្រាស់ឧបករណ៍ Echo Sounder សំរាប់វាស់ស្ទង់ជម្រៅទឹក ដើម្បីប្រមូលទិន្នន័យសម្រាប់វិភាគនៅជុំវិញទីតាំងបាក់ស្រុត។ ក្រុមការងារបានប្រមូលទិន្នន័យលើគ្រប់ទិដ្ឋភាពបច្ចេកទេស និងធ្វើការវិភាគវាយតម្លៃលើបញ្ហាបាក់ស្រុតខាងលើឱ្យបានលម្អិត។
គួរបញ្ជាក់ថា ច្រាំងទន្លេមេគង្គទីតាំងខាងលើ បានស្រុតបាក់ កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដែលមានបណ្តោយប្រវែង ៧៥ម៉ែត្រ និងបាក់ចូលប្រមាណពី ១៥ម៉ែត្រទៅ២០ម៉ែត្រ។ ទីតាំងច្រាំងនេះមានសភាពទ្រុឌទ្រោម និងប្រឈមហានិភ័យបាក់ស្រុតប្រវែងសរុបប្រមាណ៤០០ម៉ែត្រ៕SRP

