ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួន
ត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែមករា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប មានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងទាំងអស់ត្រូវ គោរពបទវិន័យឲ្យបានខ្ជាប់ខ្ជួន បន្តយកចិត្តទុកដាក់ បំពេញតួនាទី ភារៈកិច្ច ដោយមានការទទួលខុសត្រូវខ្ពស់ លើកិច្ចការងារជំនាញ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងអនុវត្តឱ្យបានរាល់កិច្ចការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេស ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជំរុញប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានអត្តសញ្ញាណបណ្ណ ដែលអស់សុពលភាព មកបន្តសុពលភាព ឱ្យបានគ្រប់ៗគ្នា ដោយ មិនមានគិតកម្រៃ សេវា ហើយក៏គ្មានការផាកពិន័យ ណាមួយនោះដែរ។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានមានប្រសាសន៍បន្ថែមដល់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់ លើកិច្ចការងារចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន បន្ថែមទៀតផងដែរ។
ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានឯកភាពចំពោះរបាយកាណ៍របស់លោកស្នងការរងទទួលផែននីមួយៗ និងមានប្រសាសន៍លើកសរសើរ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមក៕SRP

