ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ

ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ
0

ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ

ឈ្មោះ វណ្ណៈ វិសិទ្ធិ មិនមែនជាមន្រ្តី របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះឡើយ។ នេះបើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២៦។

ដោយបញ្ជាក់បែបនេះថា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានចុះផ្សាយស្រដៀងគ្នាថា លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ អត្តលេខ (៥៧៣១៥) មន្ត្រីនគរបាល បង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មិននៅកន្លែងធ្វើការងារ។ បែរជាមកសំងំកើបលុយ១ថ្ងៃៗរាប់សិបលានរៀល ពីការធ្វើមេឆ្នោតកន្ទុយលេខវៀតណាមនិងមានតួនាទីក្នុងល្បែងជា”ប្រធានតំបន់ឆ្នោតវៀតណាម ស្រុកពារាំង ខេត្តព្រៃវែង”ទៀតផង។

ជុំវិញករណីនេះ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៦ សារព័ត៌មាន”ដើមរាំង”បានផ្សព្វផ្សាយអំពីល្បែងឆ្នោតកន្ទុយលេខវៀតណាម ដែលកំពុងរីករាលដាលដូចផ្សិត ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង។ លុះដល់រសៀលថ្ងៃដដែល សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានចុះបង្ក្រាបទីតាំងផ្ទះជួលស្នាក់ការល្បែងរបស់លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ក្នុងនោះ សមត្ថកិច្ចចាប់បានម៉ូតូបុគ្គលិកឆ្នោតចំនួន២គ្រឿង យកទៅរក្សាទុកផងដែរ។

ជាមួយគ្នានេះ លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ដែលមានតួនាទីជាប្រធានតំបន់ឆ្នោតវៀតណាមក៏បានចល័តបុគ្គលិករបស់ខ្លួន ឱ្យទៅស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ដែលជាទីតាំងរបស់ប្រធានតំបន់ឆ្នោតវៀតណាម”ល្វាឯម”។

ទោះជាយ៉ាងណាក្ដី ប្រភពីមេកញ្ច្រែងឆ្នោតវៀតណាម បានបង្ហើបថា លោកអនុសេនីយ៍”ប៉ូលិស”វណ្ណៈ វិសិទ្ធិ អត្តលេខ (៥៧៣១៥) ត្រូវបានផ្លាស់ប្ដូរចេញពីប្រធានតំបន់ឆ្នោតវៀតណាម”ពារាំង”ហើយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដែលនឹងត្រូវដាក់អ្នកថ្មីមកជំនួសខណៈដែលម៉ូតូបុគ្គលិកឆ្នោតទាំង២គ្រឿងខាងលើ ស្ថិតក្នុងដៃសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលនៅឡើយ។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍
នៅពុំទាន់ទទួលបានការបំភ្លឺពីលោក វណ្ណៈ វិសិទ្ធិ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP