ខេត្តសៀមរាប៖កត្តាសន្ដិភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា បានផ្ដល់ឱកាសឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ផ្ដល់ឱកាសឱ្យយុវជនបានកសាងសមត្ថភាពពេញ និងប្រជាពលរដ្ឋប្រកបរបរជីវភាពប្រចាំថ្ងៃ ក្នុងន័យនេះសូមឱ្យយុវជនយើងទាំងអស់ ត្រូវបន្ដការខិតខំសិក្សារៀនសូត្រ ពង្រឹង និងកសាងសមត្ថភាពឱ្យបានខ្លាំងពូកែ ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៏ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។
ក្នុងកម្មវិធីយុវវ័យជិះកង់ដើម្បីសុវត្ថិភាពចំណាកស្រុក ក្រោមប្រធានបទ “មានជំនាញមានការងារធ្វើ យល់ដឹងសុវត្ថិភាពចំណាកស្រុក មានចំំណូលជីវភាពកាន់តែប្រសើរ” ដែលរៀបចំសហការដោយរដ្ឋបាលស្រុកអង្គរធំ សហការជាមួយអង្គការវីតាស្វីស និងអង្គការសម្រេចសុបិនកុមារកម្ពុជា នារសៀលថ្ងៃទី១៩ ខែមករានេះ លោក លី សារី អភិបាលរងខេត្ត បានបញ្ជាក់ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ពិសេសយុវជន ដែលជាឱកាសផ្សព្វផ្សាយអំពីជំនាញ និងឱកាសការងារ ការចែករំលែកអំពីការចំណាកស្រុកដោយស្របច្បាប់ ដែលអាចទទួលបានឱកាសការងារល្អ ទទួលបានការអប់រំដ៏ប្រសើរ មានឱកាសបានរៀនជំនាញ និងទទួលបានបទពិសោធន៍ថ្មីៗ។
លោក លី សារី បានបន្តទៀតថា តាមរយៈការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា បានធ្វើឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់កុមារតាមព្រំដែន។ ដោយមានការយកចិត្ដទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ និងរដ្ឋបាលខេត្តសៀមរាប បានទទួលជនភៀសសឹកមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្ត និងបានជួយទំនុកបម្រុងជាសម្ភារ គ្រឿងឧបភោគបរិភោគ ដោយទទួលបានពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ផ្ដល់ជូនដល់ពួកគាត់។ ជាពិសេសកុមារតូចៗ ត្រូវបានរៀបចំឱ្យមានការបង្រៀននៅតាមមណ្ឌលភៀសសឹក ដែលនេះបានបង្ហាញពីការគិតគូរខ្ពស់លើការអប់រំ។
លោកស្រី រាត់ មេណី ប្រធានគម្រោងទំនាក់ទំនងយុវវ័យ បានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមឪពុកម្ដាយ យុវជន អំពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្ដោតសំខាន់លើការអប់រំ ការអភិវឌ្ឍជំនាញ ផ្ដល់សិទ្ធិអំណាចឱ្យយុវវ័យបង្កើត និងបង្ហាញមាតិកាក្នុងការលើកកម្ពស់ការចំណាកស្រុកដោយសុវត្ថិភាព។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានថ្លែងអំណរគុណដល់អង្គការដៃគូរ ដែលបានយកចិត្ដទុកដាក់លើការសិក្សារបស់សិស្សានុសិស្ស ដែលក្នុងឱកាសចុះចែករំលែកចំណេះដឹងល្អៗ អំពីជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីឱ្យសិស្សានុសិស្សមានមូលដ្ឋានគ្រឹះក្នុងការចាប់យកជំនាញទៅតាមចំណង់ចំណូលចិត្ដរបស់ពួកគាត់៕SRP

