អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្តបាន ចែកសម្ភារៈសិក្សា និងរៀបចំឲ្យសិស្សានុសិស្ស ភៀសសឹកជាង ២.០០០នាក់ បានចូលរៀនវិញ ខណៈពេលដែល នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ មានបញ្ហា។
ការលើកឡើងដូច្នេះនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់សម្ភារៈសិក្សា ដល់សិស្សានុសិស្សភៀសសឹក ប្រមាណជាង ៣០០ នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ។
ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ជូនចំពោះក្មួយៗ សិស្សានុសិស្ស និងបងប្អូនអាណាព្យាបាលដែលបានភៀសសឹកពីតំបន់ដែលមានបញ្ហា ហើយបានមកដល់ទឹកដីក្នុងខេត្តកំពង់ចាមនេះ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរ អំពីបញ្ហាសុខទុក្ខ ក៏ដូចជាបានដោះស្រាយនូវបញ្ហាជូនបងប្អូន គ្រួសារភៀសសឹករបស់យើងនេះ។
ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងការមកស្នាក់អាស្រ័យបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងខេត្តកំពង់ចាមមួយរយៈនេះ ឃើញថា ទាំងស្បៀង បញ្ហាសុខភាព និងបញ្ហាស្នាក់អាស្រ័យ មានសុខសុវត្ថិភាពល្អ និងភាពកក់ក្តៅ ក្រុមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានរបស់យើង។
អភិបាលខេត្ត បានឲ្យដឹងផងដែរថា ក្នុងខេត្តកំពង់ចាម មានបងប្អូនប្រជាពលរដ្ឋគ្រួសារភៀសសឹក សរុបជាង ៧,០០០ នាក់ និងសិស្សានុសិស្សភៀសសឹកកំពុងសិក្សា ជាង ២,០០០ នាក់ ដែលអាជ្ញាធរខេត្តសម្រុកផ្ដល់សម្ភារៈ និងស្បៀងអាហារបញ្ចប់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥នេះ៕SRP