អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារពលរដ្ឋភៀសសឹកពីព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅក្នុងក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារពលរដ្ឋភៀសសឹកពីព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅក្នុងក្រុងកំពង់ចាម

ជំលោះព្រំដែន រវាងកម្ពុជា-ថៃ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ មានបងប្អូន គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋ បានភៀសខ្លួនមកស្នាក់នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ដោយឡែក នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូន ប្រជាពលរដ្ឋភៀសសឹក ៨០គ្រួសារ និងគ្រួសារវីរកងទ័ព ៤ គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះ គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជំលៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់ជនយើង ក៏ដូចជាវីរកងទ័ព និងគ្រួសារ ភៀសសឹក អោយទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ត្រូវខិតខំថែទាំសុខភាពអោយបានល្អ តាមវិធានអនាម័យ ស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូន ផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងទឹកចិត្តដ៏ក្លៀវក្លា អង់អាចក្លាហានរបស់ វីរកងទ័ពយើង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការការពារទឹកដីពីចោរឈ្លានពាន៕SRP