កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ករណីលួចមាសយកទៅលក់នៅផ្សារលើធំថ្មី

កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ករណីលួចមាសយកទៅលក់នៅផ្សារលើធំថ្មី

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ពាក់ព័ន្ធករណី​ អំពើលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ)។

ករណីលួចនេះ កាលពីវេលាម៉ោង២២:០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥​ ស្ថិតនៅចំណុចភូមិខ្នារ សង្តាត់ជ្រាវ ក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាការឃាត់ខ្លួនបានធ្វើឡើង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្លាំងមូលដ្ឋាន​កងអាវុធហត្ថក្រុងសៀមរាប នៅចំណុចផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់ស្លក្រា ក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានបន្តថាជនសង្ស័យបានសារភាពខ្លួនបាន​យកគ្រឿងអលង្ការទាំងនោះទៅលក់ឱ្យជីវករចំណុចផ្សារធំថ្មី ក៏ត្រូវបាន​កម្លាំង​អាវុធហត្ថប្រចាំការឃាត់ខ្លួនតែម្ដង។

វត្ថុតាងរួមមាន៖ លោហៈធាតុពណ៌លឿងចំនួន០២ខ្សែ ខ្សែកពណ៌ប្រាក់០១ខ្សែ ខ្នាយជ្រូកព្រៃ០២ខ្នាយ រូបបដិមា ១០ព្រះអង្គ មេដាយ០៦ បន្តោង​ខ្សែក ០២បន្តោង កថា០៧កថា វ៉ាលី០១ ទូរស័ព្ទ​០១គ្រឿង និងសម្ភារៈមួយចំនួន​ទៀតទៀត គ្រឿង​អលង្ការ និងសម្ភារៈ ប្រគល់ជូន​ម្ចាស់​ដើម​វិញ។

ជាមួយគ្នានេះដែរ អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមប្រុងប្រយ័ត្នចំពោះជនឆ្លៀតឱកាសមួយចំនួន រហូតបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ៕SRP