ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និង លោកជំទាវ រួមជាមួយរដ្ឋបាលស្រុក ក្រុមការងារ នៅព្រឹកមិញនេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ដែលបានការជយយឧបត្ថម្ភពី អ្នកឧកញ៉ា ហេង ឡុង ផ្ដល់ជូនដល់បងប្អូនជាជនភៀសសឹកចំនួន ១ ៥០០គ្រួសារ ដែលបានមកស្នាក់នៅក្នុងគោលដៅសុវត្ថិភាពក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនច្រើនថ្ងៃកន្លងមកនេះ កងកម្លាំងយើងបានតស៊ូប្រកៀកស្មាគ្នាក្លាហាន ម៉ឺងម៉ាត់ ប្តូរផ្តាច់ រក្សាការពារឱ្យខានតែបាននូវបូរណភាពនិងអធិបតេយ្យភាព ទឹកដីមិនរបេះរបូតឡើយ។ ផលវិបាកនៃសង្គ្រាមគឺបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និង ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ហើយសង្គ្រាមនេះ បានបង្ខំចិត្តប្រជាពលរដ្ឋនៅតំបន់កៀកសមរភូមិឱ្យភៀសខ្លួន ចាកចោលផ្ទះសម្បែង ទ្រព្យសម្បត្តិ គោក្របីស្រែចម្ការជាដើម មករកទីសុវត្ថិភាព។
ឯកឧត្តម បញ្ជាក់ថា ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។ ក្នុងគ្រានេះ យើងត្រូវចែករំលែក ក្រោមស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នាទៅវិញទៅមក ទាំងសម្ភារ និងស្មារតី។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរដោះស្រាយពីទុក្ខលំបាកនោះ ដោយមិនទៅណាចោល និងនៅជាមួយបងប្អូនជានិច្ច។
ឯកឧត្តម សៀង ណាំ ក៏បានលើកទឹកចិត្ត និងអរគុណដល់គ្រួសារដែលមានកូនមានប្តីជាកងទ័ពកំពុងបំពេញភារកិច្ច នៅសមរភូមិមុខដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាកេរដូនតាយើងបានការពារទុកឱ្យដល់សព្វថ្ងៃទទួលបានជោគជ័យគ្រប់ពេលវេលា ហើយសូមឱ្យកម្លាំងមហាសាមគ្គីនៅតែបន្តជាថាមពលរឹងមាំសម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ពបបន្តបេសកកម្មក្នុងការការពារទឹកដីរបស់យើង។
ឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ឱ្យយកចិត្តទុកដាក់ថែទំាសុខភាព ថែទាំអនាម័យ ត្រូវហូបស្អាត ផឹកស្អាត ដើម្បីបង្ការ និងចៀសវាងពីជំងឺតម្កាត់នានា ហើយបើមានតម្រូវការបន្ទាន់ត្រូវទាក់ទងជាមួយអាជ្ញាធរមូលដ្ឋានដែលនៅក្បែរបំផុត៕SRP
អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ