ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនពលរដ្ឋ ២៩៣គ្រួសារ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំកងតាណឹង
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ២៩៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះ ទឹកជំនន់ ហើយជំលៀសទៅកាន់ទីទួលសុវត្ថិភាព នៅភូមិវត្ត ឃុំកងតាណឹង ស្រុកកងមាស។
ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពង់រងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ ទីទួលសុវត្ថិភាព ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស កុំបណ្តែត បណ្តោយឱ្យកូនៗ ឬក្មេងតូចៗលេងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះ ដែលទទួលទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្រៅពីនោះអាជ្ញាធរពាក់ព័ន្ធ ក៏ត្រូវបន្តតាមដាន សភាពការណ៍ និងស្ថានភាពទឹកជាប្រចាំ ដើម្បីបន្តជួយអន្តរាគមន៍ ទាន់ពេលវេលា។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ក្នុងករណីបើមានជំងឺដង្កាត់ផ្សេងៗ ឬមានសត្វអសិរពិសចឹក សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ដែលមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់ សម្រាប់ធ្វើការព្យាបាលភ្លាមៗ មិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕SRP