ក្រសួងសាធារណការ ប្រកាសថាត្រៀមស្ដារ(ស្ពានមេទឹក)ឡើងវិញ ដែលត្រូវកងទ័ពថៃ ប្រើយន្តហោះបាញ់ផ្តាច់
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្ដម ប៉េង ពោធិ៍នា បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក) ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ។
នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។
លក្ខណៈស្ពាន៖ស្ពានជ័យជំនះ (ស្ពានមេទឹក) ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។
ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។
ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង៕SRP