ក្រោមពាក្យស្លោក «អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» អភិបាលខេត្តកំពង់ចាម បន្ថែមអំបុកស្រូវថ្មី ចំនួន ៥ពាន់កញ្ចប់ ចែកជូនដល់វីរៈកងទ័ពជួរមុខ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងថា ក្រោមពាក្យស្លោករបស់សម្ដេចតេជោ «អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» រដ្ឋបាលខេត្តកំពង់ចាមត្រៀមរៀបចំបន្ថែម អំបុកស្រូវថ្មី ចំនួន ៥ពាន់កញ្ចប់ ស្មើនឹង ៥ពាន់គីឡូក្រាម រួមទាំងដាក់បញ្ចូលនូវសាច់ផាត់ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពកម្ពុជា កំពុងប្រយុទ្ធតបទល់ជាមួយយោធាថៃ។
ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគជាវិភាគទានផ្តល់ជាអំណោយ តាមការស្ម័គ្រចិត្តទោះតិចក្តីច្រើនក្តី ដូចជា៖ ថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ជាដើម ដើម្បីរដ្ឋបាលខេត្ត នាំយកអំណោយទាំងនោះ ទៅឧបត្ថម្ភដល់វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងតាមខ្សែបន្ទាត់ព្រំដែន ត្រៀមជួរមុខ និងចែនជូនដល់ប្រជាពលរដ្ឋដែលជម្លៀសខ្លួនចេញពីលំនៅឋាន ដើម្បីគេចចេញពីការវាយប្រហារ ពីសំណាក់យោធាថៃ។
ឯកឧត្តម អ៊ុន ចាន់ដា បន្តថា សម្រាប់ទីតាំងកន្លែងទទួលអំណោយមាន៖ ១.នៅផ្សារបឹងកុក, ២.នៅបេនឡានផ្សារធំកំពង់ចាម ,៣.នៅសួនមាត់ទន្លេ (ស្លាក កំពង់ចាម), ៤.ភូមិរការ( វិហារឥស្លាម), ៥.ទីតាំងធំ សាលាខេត្តកំពង់ចាម៕SRP