កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនមនុស្សចំនួន​០៣នាក់ ពាក់ព័ន្ធ​លួចអាឈើដោយខុសច្បាប់

កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនមនុស្ចំនួន​០៣នាក់ ពាក់ព័ន្ធ​លួចអាឈើដោយខុសច្បាប់

ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្ត​សៀមរាប កាលពីវេលាម៉ោង១៥:០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍សង្ស័យថាមានអ្នកលួចអាឈើដោយខុសច្បាប់ នៅចំណុចភូមិទទឹងថ្ងៃ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាបន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញ​អាវុធហត្ថខេត្ត និងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកជីក្រែង សហការ​ជាមួយ​កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះមកដល់ទីតាំងបានឃើញជនសង្ស័យ០២នាក់ (ជាអ្នកអារឈើ) ដែលកំពុងប្រព្រឹត្តបទល្មើសអាឈើពិតប្រាកដមែន។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា លុះដល់ម៉ោង១៨:០០នាទី ថ្ងៃខែឆ្នាំដ៏ដែល បន្តឃាត់​ខ្លួន​ជនសង្ស័យ​០១នាក់ទៀត (ជាអ្នកទិញឈើ) ជនសង្ស័យ​ទាំង០៣នាក់ មានទីលំនៅ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

វត្ថុតាងដកហូតរួមមាន៖ ម៉ាសុីនអាឈើ ០២គ្រឿង,ម៉ាសុីនរ៉ៃចល័ត ០១គ្រឿង ,គោយន្តកន្រ្តៃ ០១គ្រឿង, ប្រភេទឈើយ៊ាង និងប្រភេទឈើឃ្លុំ សរុបចំនួន ៥,៨០៥ ម៉ែត្រគូប។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងត្រូវបានកម្លាំង​កងរាជអាវុធហត្ថ បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដើម្បីអនុវត្តនិតិវិធីបន្ត៕SRP