ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលានៅខេត្តសៀមរាប ជំរុញវិស័យទេសចរណ៍ប្រកបដោយចីរភាព

រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា  នៅថ្ងៃម្សិលមិញ បានរៀបចំ សិក្ខាសាលាស្តីពីការស្តារឡើងវិញនៃទេសចរណ៍មេគង្គ-ឡានឆាង និងផែនការសកម្មភាពធន់ ឆ្នាំ២០២៦-២០៣០ នៅខេត្តសៀមរាប ក្រោមប្រធានបទស្នូល៖ “ការចូលរួមរបស់ទូតទេសចរណ៍វ័យក្មេងមេគង្គ-ឡានឆាង” ដែលមានគោលបំណងចម្បងក្នុងការចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមឯកអគ្គរដ្ឋទូតទេសចរណ៍យុវជននៃតំបន់មេគង្គ-ឡានឆាង ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី។


‎លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលានេះជាយន្តការសម្រាប់វេទិកាផ្លាស់ប្តូរ ដែលផ្ដល់ឱកាសចែករំលែកចំណេះដឹងសំខាន់ៗ បណ្តុះភាពជាដៃគូដ៏មានអត្ថន័យ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។ លោកជឿជាក់ថាលទ្ធផលនៃសិក្ខាសាលានឹងក្លាយជាផ្លែផ្កា និងមានប្រយោជន៍ រួមចំណែកដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃវិស័យទេសចរណ៍នៅក្នុងតំបន់ទាំងមូល។

‎ថ្លែងក្នុងពិធីបើក ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះគឺជា ឱកាសដ៏សំខាន់ ដែលនឹងជួយតំបន់មេគង្គ-ឡានឆាង ឆ្ពោះទៅរកវិស័យទេសចរណ៍ដែលមាន ភាពធន់នៃការតភ្ជាប់ទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង និងត្រៀមខ្លួនសម្រាប់អនាគតមួយដែលបើកចំហ និងរឹងមាំជាងមុន។

‎ឯកឧត្តមបានបន្តថា វឌ្ឍនភាពនៃកម្មវិធី “Youth Tourism Ambassadors” បានបង្ហាញឱ្យឃើញថា នៅពេលដែលយុវជនត្រូវបានផ្តល់កន្លែង និងការគាំទ្រត្រឹមត្រូវ ពួកគេអាចចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍តំបន់របស់យើង។

‎ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកនូវទស្សនវិស័យចំនួន ៤ យ៉ាង ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដោយផ្តោតជាពិសេសលើយុវជនបន្តផ្តល់អំណាចដល់យុវជនដោយចំណេះដឹង និងជំនាញ៖ ផ្តល់ឱកាសឱ្យយុវជនអភិវឌ្ឍសមត្ថភាពក្នុងវិស័យទំនាក់ទំនងឌីជីថល បដិសណ្ឋារកិច្ច ភាសា ការច្នៃប្រឌិត និងការយល់ដឹងអំពីវប្បធម៌។ បង្កើតវេទិកាបន្ថែមទៀតសម្រាប់ការចូលរួមរបស់យុវជន៖ ជួយយុវជនឱ្យភ្ជាប់ទំនាក់ទំនងឆ្លងកាត់ព្រំដែន ចែករំលែកគំនិត និងកសាងមិត្តភាពយូរអង្វែង។
‎លើកទឹកចិត្តយុវជនឱ្យក្លាយអ្នករួមចំណែកយ៉ាងសកម្មក្នុងសហគមន៍៖ ជំរុញឱ្យយុវជនផ្សព្វផ្សាយវប្បធម៌ក្នុងស្រុក គាំទ្រគំនិតផ្តួចផ្តើមសហគមន៍ និងរួមចំណែកដល់ការអនុវត្តទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។
‎ជួយយុវជនឱ្យទទួលបានការបង្ហាញ និងឱកាសក្នុងតំបន់កាន់តែច្រើន៖ តាមរយៈកម្មវិធីរួមគ្នា សម្ភារសិក្សារួមគ្នា និងភាពជាដៃគូរវាងសាកលវិទ្យាល័យ ដើម្បីទទួលបានការសិក្សាប្រកបដោយគុណភាព និងការផ្លាស់ប្តូរបទពិសោធន៍។

‎សិក្ខាសាលានេះត្រូវគេរំពឹងទុកថានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយក្នុងការគូសវាសផែនការសកម្មភាពជាក់ស្តែង សម្រាប់ធានាបាននូវអនាគតទេសចរណ៍ដែលធន់ និងចីរភាពនៅក្នុងតំបន់មេគង្គ-ឡានឆាង៕SRP

‎អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

#មន្ទីរព័ត៌មានខេត្តសៀមរាប