តាមរយៈឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តអូដឺសែនរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង សម្រាប់ការពង្រឹង និងពង្រីកទំនាក់ទំនងយ៉ាងជិតស្និទ្ធបន្ថែមទៀត លើវិស័យសក្តានុពលនានា រវាងប្រទេសទាំងពីរ ជាពិសេសវិស័យទេសចរណ៍ តាមរយៈការបន្តហោះហើរត្រង់មកកាន់ខេត្តសៀមរាប ព្រមទាំងពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការវិស័យផ្សេងៗទៀត ទៅវិញទៅមក ដូចជាការជំរុញនូវវិស័យកសិកម្ម ពាណិជ្ជកម្ម និងការផ្លាស់ប្តូរនានាជាដើម។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏បានជំរុញឱ្យចំណងមិត្តភាពកម្ពុជា-បារាំង កាន់តែរឹងមាំ ហើយមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និងខេត្តអូដឺសែន កាន់តែរីកចម្រើន និងរឹងមាំតរៀងទៅ។
ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ នៅកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប ជាមួយប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន និងជាសមាជិកក្រុមប្រឹក្សាក្រុង Chatenay-Malabry ម្សិលមិញ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយឯកឧត្តម Georges SIFFREDI ប្រធានក្រុមប្រឹក្សាខេត្តអូដឺសែន និងជាសមាជិកក្រុមប្រឹក្សាក្រុង Chatenay-Malabry និងមានការអញ្ជេីញចូលរួមពីឯកឧត្តម អភិបាលរងខេត្តទទួលបន្ទុក លោក អភិបាលក្រុង ស្រុក មន្រ្តីជំនាញពាក់ព័ន្ធ និងអង្គការដៃគូរនានាផងដែរ។
ឯកឧត្តមប្រាក់ សោភ័ណ បានសម្តែងនូវអំណរអរគុណចំពោះរដ្ឋបាលខេត្ត អូដឺសែន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនអូដឺសែន ជាពិសេស ឯកឧត្តម Georges SIFFREDI ប្រធានក្រុមប្រឹក្សាខេត្ត និងសហការីទាំងអស់ ដែលតែងតែគាំទ្រ ដល់ដំណើរការ នៃកិច្ចសហប្រតិបត្តិការ និងរួមចំណែកសម្រាប់ការអភិវឌ្ឍខេត្តសៀមរាប ក៏ដូចជាការផ្លាស់ប្តូទៅវិញទៅមករវាងខេត្តទាំងពីរ នាពេលកន្លងមក៕SRP