អភិបាលខេត្តកំពង់ចាម ស្នើឱ្យកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យដូចភ្លៀងរលឹម
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានស្នើឱ្យកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យដូចភ្លៀងរលឹម ដើម្បីរក្សាបាននូវស្ថេរភាព សុខសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាជន។
ឯកឧត្តមថ្លែងបែបនេះ នាឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត,អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានដាក់ចេញវិធានការឲ្យក្រុមការងារ នៃមន្ទីរទេសចរណ៍ខេត្ត ត្រូវ គ្រប់គ្រងឲ្យបានល្អ នូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករ និងសេវាស្នាក់នៅជាដើម ដោយមិនឲ្យការតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យធំៗនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំបន្ថែមថា គ្រប់ពិធីបុណ្យធំៗរបស់ជាតិ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះអនុវត្តការងារ ៣ដំណាក់កាល ដោយក្នុងនោះ មាន ៖
ទី១ ៖ មុនពេលពិធីបុណ្យ ក្រុមការងារត្រូវចុះរៀបចំពិនិត្យមើល ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការតុបតែងលម្អ និងចុះធ្វើការអប់រំណែនាំអាជីវករ ផ្នែកសេវាកម្ម អនាម័យ និងរក្សាតម្លៃ មិនឱ្យមានការឡើងថ្លៃទេ រួមនិងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ ពិសេសគឺកន្លែងលេងទឹកជាដើម ។
ទី២ ៖ ក្នុងពេលពិធីបុណ្យ ត្រូវមានមន្ត្រីនៅប្រចាំការទទួលភ្ញៀវ និងសង្កេតការណ៍រាល់ការលក់ដូររបស់អាជីវករ តាមរមណីយដ្ឋាននីមួយៗ ។
ទី៣ ៖ គឺក្រោយពេលបុណ្យ គឺក្រុមការងារត្រូវពិនិត្យមើល លើការសំអាត អនាម័យបរិស្ថាន ធ្វើយ៉ាងណាឱ្យទីកន្លែងនីមួយៗមានភាពស្អាតដូចដើម។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថា ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំនេះ ឃើញថាមានប្រជាពលរដ្ឋមកកំសាន្តក្នុងខេត្តកំពង់ចាមប្រមាណជាជាង ១១ ម៉ឺននាក់ផងដែរ ។ ជាមួយគ្នានោះសមត្ថកិច្ចបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ និងបញ្ហាចរាចរកកស្ទះ ត្រូវបានសមត្ថកិច្ចយើងធ្វើការដោះស្រាយភ្លាមៗផងដែរ៕SRP