ឈ្មួញនៅតែបន្តនាំចូលទំនិញថៃ ចូលមកខ្មែរដោយគ្មានការទប់ស្កាត់

ឈ្មួញនៅតែបន្តនាំចូលទំនិញថៃ ចូលមកខ្មែរដោយគ្មានការទប់ស្កាត់

មានការលើកឡើងថា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានរថយន្តធុនធំជាច្រើនគ្រឿងកំពុងលើកទំនិញនឹងខ្លះទៀតចតត្រៀមនិងលើកទំនិញរបស់សៀមដើម្បីដឹកជញ្ជួនចូលមកក្នុងប្រទេសកម្ពុជាចែកចាយតាមគោលដៅនានាដែលថៅកែបានកំណត់ជាមុន។

ប្រភពបានឲ្យដឹងថា ទំនិញទាំងនោះ ត្រូវបានគេដាក់ការសង្ស័យថា ក្រុមឈ្មួញបានរត់ពន្ធដោយខុសច្បាប់បានប្រើមធ្យោបាយដឹកជញ្ជួនពីប្រទេសសៀម ឆ្លងកាត់ប្រទេសឡាវ រូចបន្តជញ្ជួនដាក់តាមទូកតូចធំ ចម្លងមកផែស្តុបទំនិញនៅត្រើយខាងកម្ពុជា គឺនៅចំណុចកំពង់ស្រឡៅ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ករណីបែបនេះ មហាជនដាក់ការសង្ស័យថា ប្រការដែលក្រុមឈ្មួញអាចរត់ពន្ធទំនិញទាំងនោះបានដោយរលួនពុំមានការទប់ស្កាត់បង្ក្រាបពីអាជ្ញាធរជំនាញពាក់ព័ន្ធជាពិសេសស្ថាប័នគយយ៉ាងដូច្នេះទំនងមានការគប់គិតគ្នានិងសម្របសម្រួលគ្នាតាមរបៀបពុករលួយ។ ដោយហេតុថា ប្រសិនបើគ្មានការគប់គិតគ្នារវាងមន្ត្រីជំនាញពាក់ព័ន្ធដូចជាស្ថាប័នគយនោះទេពួកឈ្មួញទុច្ចរិតនោះ មិនអាចនាំទំនិញសៀមឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាបានដោយសេរីនោះឡើយ។

ជុំវិញឈ្មួញនាំទំនិញសៀមចូលមកកម្ពុជាបានដោយរលូនបែបនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP