សម្តេចតេជោហ៊ុន សែន៖ ការថៃបិទព្រំដែនកន្លងមកនេះ មិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ

សម្តេចតេជោ ហ៊ុន សែន៖ ការថៃបិទព្រំដែនកន្លងមកនេះ មិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមនៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

តាំងពីក្រោយសេចក្តីថ្លែងការណ៍សន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន (AOT)។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរដែលយើងត្រូវចូលរួមអបអរសាទរ។

ជាមួយនឹងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជម្រាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រក ព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើនដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។

ការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃគឺជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះ ឆ្នោតផងដែរ។

សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។
ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃដែលនោះគឺជាឱកាសជម្រុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។

ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់តែកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៉ី?

សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃនិងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថាថ្នាក់ ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕SRP