លោក ម៉ុង ប៊ុនលីម ថា ការងារបង្រ្កាបបទល្មើសព្រៃឈើ ក្នុងឆ្នាំ២០២៥នេះ ចំនួន២៤ករណី

នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិនិងព្រៃឈើក្នុងខេត្តសៀមរាបដែលដឹកនាំកិច្ចប្រជុំដោយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបនាព្រឹកមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបង្ហាញអំពីទិន្នន័យឡធ្យូង រោងសន្និធិឈើ និងមុខសញ្ញាជនល្មើសកាប់និងដឹកជញ្ជូនឈើនៅក្នុងឆ្នាំ២០២៥ នេះ ដោយលោកបានបង្ហាញថា ការងារបង្រ្កាបបទល្មើសព្រៃឈើក្នុងឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើបានបង្រ្កាបបទល្មើសព្រៃឈើ ចំនួន២៤ករណីក្នុងនោះបទល្មើសព្រៃឈើ១៤ករណី និងបទល្មើសដីព្រៃឈើ១០ករណី ដោយមានចំណាត់ការបញ្ជូនទៅរដ្ឋបាលព្រៃឈើ ៧ករណី បញ្ជូនទៅតុលាការ ៧ករណីនិងកំពុងចាត់ចែង១០ករណី ដោយក្នុងនោះបានរឹបអូសវត្ថុតាងរួមមាន៖ ឈើអារចម្រុះចំនួន៤១.២០៨ម៉ែត្រគូប ,ឈើមូល០.២៥១ម៉ែត្រគូប ,ធ្យូង៨០០គីឡូក្រាម ,ម៉ាស៊ីនបញ្ឈរ១គ្រឿង ,ផ្លែរណា១ខ្សែ,រថយន្តចំនួន៦គ្រឿង,អេស្ការវ៉ាទ័រ១គ្រឿង,គោយន្តកន្ត្រៃ១គ្រឿងដីព្រៃឈើចំនួន៥៣,២៨៣ហិកតា និងជនល្មើស១នាក់ផងដែរ។

លោកម៉ុង ប៊ុនលីម បានបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍ព្រៃឈើមានចំនួន៥៩កន្លែង នៅលើផ្ទៃដី១៨,៧៤៣ហិកតា៤០៥ .ការគ្រប់គ្រងរោងសិប្បកម្ម រោងសន្និធិនិងទីតាំងលក់គ្រឿងសង្ហារឹម (ដែលមានច្បាប់អនុញ្ញាត) គឺសរុបមានរោងសិប្បកម្ម១៤កន្លែង.រោងសន្និធិ១៤កន្លែង និងគ្រឿងសង្ហារឹមមានចំនួន៣១កន្លែង ហើយរោងសិប្បកម្មខ្លះបានប្រើប្រាស់ឈើដែលបានទិញពី រោងសន្និធិនៅរាជធានីភ្នំពេញ និងរោងសន្និធិខ្លះដាក់តាំងលក់គ្រឿងសំណង់ ជាមួយផលអនុផលព្រៃឈើ ប្រមទាំងមាទីតាំងលក់គ្រឿងសង្ហារឹមខ្លះបានទិញគ្រឿងសង្ហារឹមពីខេត្តផ្សេងៗយកមកដុសខាត់លាបនិងលក់បន្តឲ្យអ្នកប្រើប្រាស់។

លោក ម៉ុង ប៊ុនលីម បានបន្តទៀតថាចំពោះ ឡធ្យូងប្រើប្រាស់ផលអនុផលព្រៃឈើដែលគ្មានច្បាប់អនុញ្ញាតមានចំនួន១,០១០ឡធ្យូង ដែលប្រើប្រាស់ប្រភពថាមពល ដើមស្វាយចន្ទី ដើមស្វាយ ដើមអាកាស្យា និងប្រពភព្រៃឈើខ្លះៗដែរ៕SRP