ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថានៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២០:៤០នាទី មានជនសង្ស័យម្នាក់ ភេទប្រុស ជនជាតិចិន ក្នុងស្ថានភាពស្រវឹងស្រា បានធ្វើសកម្មភាពដើរចូលទៅក្នុងបរិវេណលំនៅឋានរបស់ប្រជាពលរដ្ឋ មួយកន្លែង ដែលស្ថិតនៅក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយក្នុងដៃមានកាន់កាំភ្លើងខ្លី ០១ដើម មិនស្គាល់ម៉ាក ដោះបង់កាំភ្លើងចេញមកបង្ហាញ ហើយក៏ដើរចេញទៅវិញ បន្ទាប់មកពេលដែលប្រជាពលរដ្ឋហៅសួរនាំ ជនសង្ស័យបានបោះកាំភ្លើងនោះចោលទៅលើផ្លូវបេតុង ភ្លាមនោះប្រជាពលរដ្ឋក៏បាននាំគ្នាចូលទៅឃាត់ជនសង្ស័យ និងរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តថា
ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានចាត់កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា សហការណ៍ជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះដល់ត្រួតពិនិត្យភ្លាម និងធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ LIU YUNYOU ភេទប្រុស កើតថ្ងៃទី០៣.០៤.២០០៣ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EK៥៣៩០៤០៧ រួមទាំងអាវុធខ្លីចំនួន ០១ដើម ម៉ាកSIG SAUER P365 គ្រាប់ចំនួន ០៥គ្រាប់ ក្នុងនោះដែលកម្លាំងសមត្ថកិច្ចយើងបានបន្តការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ LI JIAN AN ភេទប្រុស កើតថ្ងៃទី០២.០៩.២០០៣ ជនជាតិចិន ក្នុងពេលដែលជនសង្ស័យរូបនេះកំពុងស្នាក់នៅក្នុងផ្ទះជួលលេខ១០១១ បុរីលុចនីដា ដែលស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននាំខ្លួនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕SRP