នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិនិងព្រៃឈើក្នុងខេត្តសៀមរាប នាព្រឹកមិញនេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ណែនាំនិងជម្រុញឲ្យមន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងមន្ទីរបរិស្ថាន ត្រូវបង្កើនការគ្រប់គ្រងរោងសិប្បកម្ម រោងសន្និធិនិងឡដែលមានច្បាប់អនុញ្ញាតប្រើប្រាស់ផលអនុផលព្រៃឈើមានប្រភពច្បាស់លាស់និងមានច្បាប់អនុញ្ញាត ហើយត្រូវបន្តកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពក្រុងស្រុក និងស្ថាប័នអយ្យការសាលាដំបូងខេត្តសៀមរាប ដើម្បីទប់ស្កាត់ តាមដានស្រាវជ្រាវនិងបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ និងដីព្រៃឈើ ឲ្យបានទាន់ពេលវេលា .ត្រូវជម្រុញការផ្សព្វផ្សាយពីអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធលើការបង្កើតឡធ្យូងនិងកាប់បំផ្លាញព្រៃឈើ ហើយត្រូវមានវិធានការចំពោះពលរដ្ឋរស់នៅក្នុង និងក្រៅតំបន់ដែលបន្តចូលអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ និងត្រូវចូលរួមសហការទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិផងដែរ។
លោកអភិបាលរងខេត្តបានបន្ថែមទៀតថា ការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅតែកើតមានជាពិសេសការទន្ទ្រានដីក្នុងតំបន់ការពារ តំបន់ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ។
ក្នុងបរិបទនេះ យើងត្រូវរួមគ្នាស្វែងរកមធ្យោបាយដើម្បីបញ្ចប់ការទន្ទ្រានព្រៃយកដី។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ទោះរូបភាពណាក៏ដោយម្យ៉ាងទៀតការដឹកជញ្ជូនពីខេត្តផ្សេងឆ្លងកាត់ខេត្តសៀមរាបក៏បញ្ហាដែលកើតមានឡើងផងដែរ ដូចនេះសូមសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបឱ្យបាន។
នៅក្នុងបទបង្ហាញរបស់ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ដែលបានបង្ហាញអំពីទិន្នន័យឡធ្យូង រោងសន្និធិឈើ និងមុខសញ្ញាជនល្មើសកាប់និងដឹកជញ្ជូនឈើ នៅក្នុងឆ្នាំ២០២៥នេះ បានបញ្ជាក់ថាបច្ចុប្បន្ននេះ សហគមន៍ព្រៃឈើមានចំនួន៥៩កន្លែង នៅលើផ្ទៃដី១៨,៧៤៣ហិកតា៤០៥ .ការគ្រប់គ្រងរោងសិប្បកម្ម រោងសន្និធិនិងទីតាំងលក់គ្រឿងសង្ហារឹម(ដែលមានច្បាប់អនុញ្ញាត)គឺសរុបមានរោងសិប្បកម្ម ១៤កន្លែង.រោងសន្និធិ១៤កន្លែង និងគ្រឿងសង្ហារឹមមានចំនួន៣១កន្លែង ហើយរោងសិប្បកម្មខ្លះបានប្រើប្រាស់ឈើដែលបានទិញពី រោងសន្និធិនៅរាជធានីភ្នំពេញ និងរោងសន្និធិខ្លះដាក់តាំងលក់គ្រឿងសំណង់ ជាមួយផលអនុផលព្រៃឈើ ប្រមទាំងមាទីតាំងលក់គ្រឿងសង្ហារឹមខ្លះបានទិញគ្រឿងសង្ហារឹមពីខេត្តផ្សេងៗយកមកដុសខាត់លាបនិងលក់បន្តឲ្យអ្នកប្រើប្រាស់។
លោក ម៉ុង ប៊ុនលីម បានបន្តទៀតថាចំពោះ ឡធ្យូងប្រើប្រាស់ផលអនុផលព្រៃឈើដែលគ្មានច្បាប់អនុញ្ញាតមានចំនួន១,០១០ឡធ្យូង ដែលប្រើប្រាស់ប្រភពថាមពល ដើមស្វាយចន្ទី ដើមស្វាយ ដើមអាកាស្យា និងប្រពភព្រៃឈើខ្លះៗដែរ.ហើយចំពោះការងារបង្រ្កាបបទល្មើសព្រៃឈើក្នុងឆ្នាំ២០២៥នេះរដ្ឋបាលព្រៃឈើបានបង្រ្កាបបទល្មើសព្រៃឈើចំនួន២៤ករណីក្នុងនោះបទល្មើសព្រៃឈើ១៤ករណី និងបទល្មើសដីព្រៃឈើ១០ករណីដោយមានចំណាត់ការបញ្ជូនទៅរដ្ឋបាលព្រៃឈើ៧ករណី បញ្ជូនទៅតុលាការ៧ករណីនិងកំពុងចាត់ចែង១០ករណី ដោយក្នុងនោះបានរឹបអូសវត្ថុតាងរួមមាន៖ ឈើអារចម្រុះចំនួន ៤១.២០៨ ម៉ែត្រគូប ,ឈើមូល០.២៥១ម៉ែត្រគូប ,ធ្យូង៨០០គីឡូក្រាម ,ម៉ាស៊ីនបញ្ឈរ១គ្រឿង ,ផ្លែរណា១ខ្សែ,រថយន្តចំនួន៦គ្រឿង,អេស្ការវ៉ាទ័រ១គ្រឿង,គោយន្តកន្ត្រៃ១គ្រឿងដីព្រៃឈើចំនួន៥៣,២៨៣ហិកតា និងជនល្មើស១នាក់ ។
ជាមួយគ្នានោះផងដែរមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន ក៍បានបង្ហាញផែនទីព្រៃឈើនៅសល់ក្នុងតំបន់ការពារធម្មជាតិដោយបានបញ្ជាក់ថាតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តសៀមរាបសរុបប្រមាណជា០៨កន្លែង មានផ្ទៃដីសរុប ២៨៣,៩៩៩.២៧ហិកតា .មានសហគមន៍តំបន់ការពារធម្មជាតិភូមិសាស្រ្តចំនួន១១ទីតាំងគ្របដណ្តប់លើផ្ទៃដី១៥,៧៤១ហិកតាស្មើនឹង២០ភូមិ៥ឃុំមាន៤,៧៤៤គ្រួសារ និងសមាជិកចំនួន២២,១៣៩នាក់/ស្រ្តី១១,៤៣៣នាក់ផងដែរ ៕SRP