មន្ទីរ​សុខាភិបាល​ ខេត្តកំពង់ចាម ឧបត្ថម្ភ ថវិកា ជាង០៥លានរៀល សម្រាប់ ប្រឆាំងនឹងជំងឺកូវីដ១៩

0

ខេត្តកំពង់ចាម​៖លោក​វេជ្ជបណ្ឌិត​ គឹម​ សួរ​ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ នៅព្រឹកមិញនេះបាន​នាំយក​នូវ​ថវិកា​រួម​របស់​មន្ត្រី​សុខាភិបាល​ ចំនួន​៥.១៦០.០០០៛​ សម្រាប់​ផ្តល់​ជូន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ ដែល​ជា​ការ​ចូល​រួម​ចំណែក​ជា​មួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩។
លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ ទាំងអស់​ ដែល​បាន​ចូល​រួម​ចំណែក​ឧបត្ថម្ភ​ជា​​ថវិកា​​ សម្រាប់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ យកទៅ​ប្រេីប្រាស់​ តាមតម្រូវការចាំបាច់ ក្នុង​យុទ្ធនាការ​នានា​ ដេីម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​មន្ត្រី​សុខាភិបាល​ជាកងទ័ព​ជួរមុខ​យ៉ាង​សំខាន់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។
លោក​វេជ្ជបណ្ឌិត​ គឹម​សួរ​ ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ កន្លងមក​នេះ​មន្ត្រី​សុខាភិបាល​ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ សភាពការណ៍ និងធ្វើបច្ចុប្បន្នភាពពីករណី COVID ១៩ នៅក្នុងខេត្តកំពង់ចាម​ បាន​គ្រប់គ្រងសភាពការណ៍​ ដោយចុះស្រង់ស្ថិតិ​ ពលករចំណូលស្រុកជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីធ្វើការតាមដាន អប់រំ ពីអនាម័យ ការបង្ការចម្លងមេរោគ (ក្នុងករណីសង្ស័យ) ត្រូវទុកដាក់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីចៀសវាងការចម្លង ជាសហគមន៍ដែលជាបញ្ហាព្រួយបារម្ភ។​ បានត្រៀមលក្ខណៈទុកជាមុន ចំពោះ​ករណី​ ពលករចំណូលមកពីប្រទេសជិតខាង ដោយមានអគារសម្រាប់ទុកដាក់ករណីសង្ស័យ ដែល​មាននៅមន្ទីរពេទ្យខេត្ត សណ្ឋាគារមេគង្គ និងសាលាគរុកោសល្យ ភូមិភាគកំពង់ចាុម​ សរុបជាង ៥០០គ្រែ។​ ព្រមទាំង​បាន​បរិច្ចាគថវិកាដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់យើង ក្នុងការជួយឩបត្ថម្ភដល់​ គណៈកម្មការជាតិកូវីត១៩ ក៏ដូច គណៈកម្មការខេត្តគ្រប់គ្រងកូវីត១៩ផងដែរ​៕​SRP

សរសេរមតិយោបល់