រូបសំណាក “នាគព័ន្ធ” កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំ

រូបសំណាក “នាគព័ន្ធ” កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំ

រូបសំណាក “នាគព័ន្ធ” ដែលបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម មានទីតាំងស្ថិតនៅរង្វង់មូល ខាងមុខប្រាសាទនគរបាជ័យ (ព្រំប្រទល់ក្រុងកំពង់ចាម-ស្រុកកំពង់សៀម) នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម នាពេលឆាប់ៗខាងមុខ ជំនួសដោយរូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដោយឯកឧត្តមបានលើកឡើងថារូបសំណាក “នាគព័ន្ធ” ស្ថិតនៅរង្វង់មូល “នាគព័ន្ធ” នឹងត្រូវដកចេញ ព្រោះស្ថិតនៅក្នុងគម្រោងការដ្ឋានពង្រីកកម្រិតផ្លូវជាតិលេខ៧ ពី២ គន្លង ទៅជា៤គន្លង ដែលថ្នាក់ដឹកនាំតម្រូវឲ្យកសាង រូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំ និងដើម្បីឲ្យសាកសមជាមួយនឹងទំហំផ្លូវផងដែរ។

ឯកឧត្តមអភិបាលខេត្ត ថ្លែងសង្កត់ធ្ងន់ថា ក្នុងនាមយើងជាថ្នាក់ដឹកនាំ និងជាយុវជនជំនាន់ក្រោយ ត្រូវរួមគ្នា ថែរក្សា ការពារនូវមរតក និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុនៗ ដើម្បីជាការតបស្នង និងការដឹងគុណ និងដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។ នេះ សបញ្ជាក់ឲ្យឃើញពីការដឹកនាំដ៏ឈ្លាសវៃ និងគុណធម៌ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមដូចប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម អ៊ុន ចាន់ដា គឺជាបញ្ញវន្តមួយរូប។

ឯកឧត្តម ព្រឹទ្ធាចារ្យ ស្រី កានឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងបញ្ជាក់អំពីប្រវត្តិ ” រង្វង់មូលនាគព័ន្ធ” ដូច្នេះថា: រង្វង់មូល រូបសំណាក នាគព័ន្ធ ត្រូវបានបានកសាងឡើង ក្នុងទសវត្ស៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមព្រឹទ្ធាចារ្យ បន្តថា ជាអកុសល រូបសំណាក “នាគព័ន្ធ” ខាងលើ ត្រូវបានកំទេច នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោយមក នៅអំឡុងទសវត្ស៩០ ក្នុងអណ្តតិសម្តេចទេពញាណ ហ៊ុន ណេង ជាអភិបាលខេត្តកំពង់ចាម សម្តេចបានស្វែងរករូបថត រូបសំណាក នាគព័ន្ធ ខាងលើ និងក្រុមជាងដែលបានកសាង រូបសំណាកនាគព័ន្ធ ជំនាន់មុន មកកសាងឲ្យមានរចនាប័ទ្ម និងទំហំដូចគ្នា ដែលក្រុមជាងនោះ មានទីលំនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម៕SRP