អភិបាលខេត្តបាត់ដំបង ចុះជួបសួរសុខទុក្ខបងប្អូនយុទ្ធជន ដែលបានរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធិភូមភាគ៥ (ពពីរ)
ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តមសុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំសហការីចុះសួរសុខទុក្ខ និង នាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់យុទ្ធជនដែលរងរបួសចំនួន៣រូបដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធិភូមិភាគ៥ (ពពីរ) ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះឯកឧត្តមប្រធានបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានឹងថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ព្រមទាំងនាំយក អំណោយ និងសម្ភារមួយចំនួន ក៏ដូចជាថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីជាការគិតគូរដល់ជីវភាពរបស់វីរយុទ្ធជនជួរមុខ។
លើសពីនេះឯកឧត្តម សុខ លូ ក៏បានផ្តល់សារលើកទឹកចិត្តដល់បងប្អូនវីរយុទ្ធជនរងរបួសទាំងអស់ សម្រាកព្យាបាល និងគោរពតាមវេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយ និងអាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន ជួបជុំគ្រួសារវិញក្នុងពេលឆាប់ៗ៕SRP