សមត្ថកិច្ចខេត្តសៀមរាបសន្និដ្ឋានថា «ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ អាចបណ្តាលមកពីគាំងបេះដូង
ខេត្តសៀមរាប៖តាម សេចក្តីប្រកាសព័ត៌មាន ស្តីពីស្ត្រីជនជាតិបារាំងម្នាក់ដែលប្រទះឃើញ ស្លាប់នៅក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរ អាហារដ្ឋានមាន់ស្រែ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប អ្នកនាំពាក្យស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា យោងតាមការរស្រាវជ្រាវ និងការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជាមួយគ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានការចូលរួមដោយតំណាងស្ថានកុងស៊ុលកិត្តិយសបារាំងប្រចាំខេត្តសៀមរាប បានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ (អាចបណ្តាលមកពីគាំងបេះដូង) ហើយសាកសពត្រូវបានសមត្ថកិច្ច យើងបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត។
សេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឈដ្ឋានជាតិ-អន្តរជាតិ មួយចំនួនមានការចាប់អារម្មណ៍ទៅលើការ ស្លាប់ស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះ GIRARD FABRE LISA CELINE VERONICA នៅក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរអាហារដ្ឋានមាន់ស្រែ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប។ ពាក់ព័ន្ធនឹងករណី នេះក្រុមការងារប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនសាធារណជន ជ្រាបដូចតទៅ៖
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលយើងបានទទួលព័ត៌មាន ពីតំណាងស្ថានកុងស៊ុល កិត្តិយសបារាំងប្រចាំខេត្តសៀមរាប និងបុគ្គលិកអង្គការ PSE ពាក់ព័ន្ធនឹងករណីបាត់ដំណឹងស្ត្រីជនជាតិបារាំងម្នាក់ នៅ ម្តុំប្រាសាទតាសោម អំឡុងពេលរត់សាកល្បងកម្មវិធីម៉ារ៉ាតុន ជាមួយមិត្តភក្តិ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើង បានប្រើប្រាស់ កម្លាំងសរុប-មធ្យោបាយសរុប និង វិធានការជំនាញ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប,អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍ នគរបាលរដ្ឋបាល សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ (អង្គភាពនគរបាលការពារបេតិកភណ្ឌ, អង្គភាពនគរបាល ទេសចរណ៍,) ចុះស្រាវជ្រាវដល់ទីតាំងដែលបាត់ដំណឹងចុងក្រោយ ពីចំណុចប្រាសាទតាសោម បន្តមកតាមព្រៃ ឧទ្យានអង្គរមកដល់កស្សិណអង្គរខាងលិច កែងផ្លូវ៦០ម៉ែត្រ ចាប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ជាលទ្ធផលពុំមានតម្រុយពាក់ព័ន្ធនឹងដំណើររបស់ស្ត្រីជនជាតិបារាំងនោះឡើយ។ លុះមកដល់ ម៉ោងប្រហែល ១០:០៥នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដដែលសមត្ថកិច្ចយើងទទួលបានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋមកថា៖ “នៅជម្រាលប្រឡាយអមផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចមុខចំហៀងខាងត្បូងអាហារដ្ឋានមាន់ស្រែ ឃើញសត្វរុយកំពុងរោមអ្វីមួយប៉ុន្តែមិនដឹងជាអ្វីនោះទេ” បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើងមាន ការសង្ស័យ ក៏បានចុះទៅពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុទើបដឹងថា “គឺពិតជាសពរបស់ស្ត្រីជនជាតិបារាំងដែល បានបាត់ខ្លួននោះមែន” ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម សាធារណជនគ្រប់មជ្ឈដ្ឋាន មេត្តាជ្រាបជាព័ត៌មាន៕SRP