សម្ដេចតេជោហ៊ុន សែន៖ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព

សម្ដេចតេជោហ៊ុន សែន៖ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព

សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយឧត្តមសេនីយ៍​ផុតលេខផ្កាយមាស៥​ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នាថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០២៥នេះ​ បានបង្ហោះសំណេរតាមបណ្តាញសង្គមផ្លូវការ​ ក្នុងន័យដើមទាំងស្រុងដូចតទៅ៖

ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថាខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។

មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។

សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។

ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?

សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។

តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។

សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕SRP