មេបញ្ជាការកងកងរាជអាវុធហត្ថខេត្តសៀមរាប ចាត់ឱ្យក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ពៅ សំណាង​ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ

មេបញ្ជាការកងកងរាជអាវុធហត្ថខេត្តសៀមរាប ចាត់ឱ្យក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ពៅ សំណាង​ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ

ខេត្តសៀមរាប៖លោកឧត្តម​សេនីយ៍​ត្រី សៀ ទីន មេបញ្ជាការ កងកងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃអាទិត្យ​ ទី៣ ខែសីហា ឆ្នាំ២០២៥ ក្រុមកាងារដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡេង តាំងគួយ​ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកបន្ទាយស្រី​ បានចូលរួម​គោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ពៅ សំណាង ជំនួយការសេនាធិការ​ វរ:សេនាតូចស៊ើបការណ៍កងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រំដែនកម្ពុជា-ថៃ​ កាលពីថ្ងៃសុក្រ ទី១ ខែសីហា​ ឆ្នាំ២០២៥ ជន្មាយុ ៥៦ ឆ្នាំ។

មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី ពៅ សំណាង​ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់បំផុតដែល លោកបានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូនៗ ឱ្យក្លាយទៅជា ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។

លោកឧត្ដមសេនីយ៍ត្រី ពៅ សំណាង បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយពួកចោរសៀមឈ្លានពានដែល បានបង្ហាញគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។​

នៅក្នុងឱកាសរំលែកទុក្ខដ៏ក្រៀមក្រំនេះ ក្រុមការងារក៏បាននាំយកថវិកាចំនួន ៥០០,០០០រៀល  ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប​។​

សូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី ពៅ សំណាង​ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP