ឯកឧត្តមប្រាក់ សោភ័ណ នាំយកថវិកា និងសារំលែកទុក្ខរបស់សម្តេចធិបតី និងលោកជំទាវជូនដល់គ្រួសារយោធិនពលីនៅសមរភូមិជួរមុខ
ឯឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រុមការងារ នៅថ្ងៃនេះបាននាំយកនូវថវិកាចំនួន ៨០លានរៀល និងសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដេីម្បីប្រគល់ជូនដល់គ្រួសារលោក អនុសេនីយ៍ត្រី ថន ញ៉ាញ់ ដែលបានពលីកាលថ្ងៃទី២៧៥ ខែកក្កដា ឆ្នាំ២០២៥ តំបន់ភ្នំទ្រព្យ។
ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានគិតគូរនិងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រែកជាមួយនឹងក្រុមគ្រួសារយោធិនពលីនៅតំបន់សមរភូមិជួរមុខនេះ។
ឯកឧត្តម អភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញេីរបស់សម្តេចធិបតីក្នុងការរំលែកទុក្ខនៃមរណភាពរបស់លោក អនុសេនីយ៍ត្រី ថន ញ៉ាញ់ គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួ សារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ នូវវីរយុទ្ធជនខ្មែរ ដ៏ អង់អាចក្លាហានម្នាក់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។
ឯកឧត្តម អភិបាលខេត្ត ក្នុងវេលាប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ យេីងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសាររបស់វីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដោយសេចក្តីសោកស្តាយ អាឡោះ អាល័យបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អនុសេនីយ៍ត្រី ថន ញ៉ាញ់ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕SRP