ខេត្តសៀមរាប៖លោកសុខ ថុល អភិបាលរងខេត្ត បានណែនាំឱ្យរដ្ឋបាលស្រុក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តនីតិវិធីចុះបញ្ជីដីអាងទឹកជ្រោយនាងងួន ជាទ្រព្យសម្បត្តិរបស់រដ្ឋស្របតាមនីតិវិធី និងច្បាប់ជាធរមាន និងសហការអនុវត្តតាមស្មារតី។
លោកណែនាំយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់វិវាទដោយពុំមានការបង្ខិតបង្ខំកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំសាលាខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត។
កិច្ចប្រជុំពិនិត្យ និងពិភាក្សាករណីប្តឹងអន្តរាគមន៍ពាក់ព័ន្ធទៅនឹងករណីគំរាមកំហែង រំលោភយកដីកម្មសិទ្ធិស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកមេធាវី សួង សុភា មេធាវីតំណាងរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរភូមិ ឃុំ មន្ត្រីជំនាញពាក់ព័ន្ធ និងគូភាគីផងដែរ។
ក្រោយពីភាគីបានស្តាប់ការលើកឡើងរបស់ភាគីពន្យល់ និងការសម្របសម្រួលដោះស្រាយរបស់ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធរួចមក គូភាគីបានឯកភាពគ្នា និងព្រមព្រៀងសះជា ដោយគូភាគីបានព្រមព្រៀងសម្បទានដីដែលជាកម្មសិទ្ធិរបស់ខ្លួនស្ថិតនៅភូមិដង្កោ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីបញ្ចប់ការទាមទារដីអាងទឹកជ្រោយនាងងួនជាអាងទឹកដែលស្ថិតក្នុងបរិវេណបុរាណដ្ឋាន នៃវត្តជ្រោយនាងងួនដែលមានក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដោយពុំមានការបង្ខិតបង្ខំ។ ក្នុងករណីភាគីណាមួយកែប្រែខ្លឹមសារលើការព្រមព្រៀងខាងលើភាគីទាំងពីរសុខចិត្តជូន រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕SRP