ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានរម្លឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក្នុងការរួមចំណែកធានាជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពមកដល់សព្វថ្ងៃ គឺប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំថា មានការរួមចំណែកពីអតីតយុទ្ធជន ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។
ក្នុងនោះពាក់ព័ន្ធនឹងសមិទ្ធផលទីស្នាក់សមាគមអតីតយុទ្ធជនខេត្ត ដែលបានដាក់ឱ្យប្រើប្រាស់នាពេលនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានចង្អុលបង្ហាញ ដឹកនាំដោយផ្ទាល់ និងចុះជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយជូនអតីតយុទ្ធជននៅទូទាំងប្រទេស។
ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ត្រូវរៀបចំប្រព័ន្ធHotlineសម្រាប់អតីតយុទ្ធជន និងនិវត្តជន ទំនាក់ទំនងដើម្បីដោះស្រាយរាល់សេចក្តីត្រូវការឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះនៅព្រឹកមិញនេះក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងទិវាអតីតយុទ្ធជន ២១ មិថុនា លេីកទី១៨។
ពិធីនេះអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត
សមាជិក សមាជិការាជរដ្ឋាភិបាល, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត, លោកឧត្តមសេនីយ៍ទោ ហ៊ួ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ជាប្រធាន ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនអតីតយុទ្ធជនយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
បន្ទាប់ពីស្តាប់របាយការណ៍ និងមតិចូលរួមរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា និង ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេរដ្ឋមន្ត្រី បន្ទុកបេសកកម្មពិសេស, អនុប្រធានទី១ និងជា អគ្គលេខាធិការសមាគម, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពមកទល់ពេលបច្ចុប្បន្ន៕SRP