រដ្ឋមន្ត្រីណែនាំឱ្យមន្ត្រីមន្ទីរសាធារណការខេត្តសៀមរាប បន្តពង្រឹងការងារជួសជុល និងថែទាំផ្លូវថ្នល់ឱ្យបានល្អ ស្របតាមស្ដង់ដារបច្ចេកទេស

រដ្ឋមន្ត្រីណែនាំឱ្យមន្ត្រីមន្ទីរសាធារណការខេត្តសៀមរាប បន្តពង្រឹងការងារជួសជុល និងថែទាំផ្លូវថ្នល់ឱ្យបានល្អ ស្របតាមស្ដង់ដារបច្ចេកទេស

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសាធារណការខេត្តសៀមរាប ត្រូវបន្តពង្រឹងការងារជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានក្នុងខេត្ត ប្រកបដោយគុណភាពស្របតាមស្ដង់ដារបច្ចេកទេស និងជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវវខិតខំផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ មានតម្លាភាព ប្រសិទ្ធភាព និងរហ័ស ចៀសវាងកុំមានប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រកាន់ភ្ជាប់នូវវប្បធម៌សេវាសាធារណៈ និងទិសស្លោក “មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ” ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ឯកឧត្តម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា វិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងមាននិរន្តរភាព បើគ្មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់ច្រកល្ហក ប្រទាក់ក្រឡាគ្នាដូចសរសៃឈាមតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតនោះទេ ក៏គ្មានការអភិវឌ្ឍដែរ។ ជាមួយនេះ ក៏សូមឱ្យប្រធានមន្ទីរដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តដឹកនាំមន្ទីរឱ្យមានការរីកចម្រើនថែមទៀត ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្ដៅ គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប ក៏បានជំរុញដល់ថ្នាក់ដឹក និងមន្រ្តីនៃមន្ទីរសាធារណការខេត្តទាំងអស់ ត្រូវបន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងល្អ ចេះរួមសុខរួមទុក្ខ កសាងឱ្យបាននូវភាពសុខុដុមរមនា និងចេះជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារត្រូវរៀនសូត្រពីការងារ និងសិក្សាស្វែងយល់បន្ថែមពិសេស គឺបច្ចេកវិទ្យាឌីជីថល ដើម្បីយើងអាចធ្វើ ការងារបានលឿនឆាប់រហ័ស។

សូមជម្រាបថា លោក លឿម រស្មី ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ២ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជំនួស លោក គី វីរិន្ទ ដែលបានចូលនិវត្តន៍៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប