ខេត្តព្រះវិហារ៖ស្ត្រីជាមន្ត្រីសាលាស្រុកត្បែងមានជ័យម្នាក់និងប្តីជាមន្ត្រីយោធាកំពុងឈរជើងនៅព្រំដែនភ្នំខ្មោច បានប្តឹងទៅក្រសួងមហាផ្ទៃនិងស្ថាប័នតុលាការខេត្តព្រះវិហារ ក្រោយពីរូបនាងត្រូវលោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បៀតកេរខ្មាស់ និងប៉ុនប៉ងចាប់រំលោភ និងគំរាមបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការបើនាងទម្លាយរឿងនេះ។ ករណីនេះដែរលោកនុត សោភ័ណ្ឌអភិបាលស្រុកត្បែងមានជ័យ បានបំភ្លឺថា រឿងនេះមិនពិតទេវាជាការលាបពណ៌ខ្ញុំ ហើយរឿងនេះក្រុមការងារខាងអធិការកិច្ចនៃក្រសួងមហាផ្ទៃ បានចុះមកស្រាវជ្រាវ៣ថ្ងៃហើយ។
លោកស្រី សួសចាន់ពិសី អាយុ ៣៦ឆ្នាំ មន្ត្រីសាលាស្រុកត្បែងមានជ័យ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥នេះថា កាលពីអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ឈ្មោះ នុត សោភ័ណ្ឌ តែងតែឡែបខាយពាក្យសម្តីលួង លោមសុំនាងខ្ញុំធ្វើជាសង្សារជាញឹកញាប់ និងបានលូកលាន់ប៉ះរាងកាយនាងខ្ញុំ ដោយចាប់ចង្កេះ ចាប់ស្មាជាដើម តែនាងខ្ញុំមិនព្រមនោះទេ ព្រោះមានគ្រួសាររៀងខ្លួន នាងខ្ញុំមិនប្រព្រឹត្តអំពើអសីលធម៌បែបនឹងឡើយ ហើយដោយសារតែគិតថាជារឿងបន្តិចបន្តួច ទើបនាងខ្ញុំមិនប្រកាន់ក្រែងបន្តិចទៅគាត់លែងមករំខាននាងខ្ញុំទៀតហើយ។ ប៉ុន្តែ លុះមកដល់ឆ្នាំ២០២៤ គាត់កាន់តែហ៊ានបំពាននាងខ្ញុំលើសដើម ដោយតែងតែឆ្លៀតឱកាសពេលគាត់ហៅជួបពិភាក្សាការងារក្នុងបន្ទប់គាត់ និង នៅបន្ទប់ធ្វើការរបស់នាងខ្ញុំខណៈដែលមិនមានមនុស្សនៅគាត់តែងតែស្ទុះចូល មកអោបថើបនាងខ្ញុំពីក្រោយ ហើយច្របាច់សុដន់នាងខ្ញុំថែមទៀត ដោយអត់ទ្រាំនឹងទង្វើដ៏ថោកទាបបែបនេះមិន បាននាងខ្ញុំបានពិភាក្សាជាមួយមិត្តរួមការងារ(អ្នករងគ្រោះដូចគ្នា និងសាក្សី)ដើម្បីធ្វើការដាក់ពាក្យបណ្តឹងតែដោយ អ្នកខ្លះនិយាយថាអត់មានភស្តុតាង ខ្លាចប៉ះពាល់កិត្តិយស,ខ្សែខ្នងគេចំណាស់ គេអ្នកមាន,គាត់ជិតដល់អាណត្តិកន្លែងផ្សេងហើយអត់ធ្មត់កិចទៅ យើងតូចភាចធ្វើអីមិនឈ្នះគេទេ។ល។ នាងខ្ញុំពិតជាមានការភ័យខ្លាចខ្លាំងណាស់ ខ្លាចអំណាចគេ ខ្លាចខូចកិត្តិយស ខ្លាចគេធ្វើបាប ណាមួយខ្លាចគេបំពាន នាងខ្ញុំត្រូវបង្ខំចិត្តខាំមាត់ សង្កត់ចិត្តទាំងឈឺចាប់ ពិបាកចិត្តស្ត្រេសចង់សតិអារម្មណ៍ ហើយនាងខ្ញុំតែងតែព្យាយាមគេចចេញអោយឆ្ងាយពីគាត់ តែគាត់រឹតតែតាមរបៀតបៀននាងខ្ញុំកាន់តែខ្លាំងឡើងដោយបានធ្វើសកម្មភាពលូកលាន់រាងកាយយនាងខ្ញុំ ដោយហ៊ាន ចាប់ចង្កេះ ចាប់ស្នានៅមុខមិត្តរួមការងារជាច្រើនក្នុងបន្ទប់ធ្វើការរបស់នាងខ្ញុំលែងមានការខ្មាស់អៀន សីលធម៌ក្នុងខ្លួនទាល់តែសោះ(មានសាក្សីរឃើញផ្ទាល់ភ្នែក)។ គាត់មិនបានឈប់ត្រឹមនឹងទេ ដោយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១២:២២នាទីថ្ងៃត្រង់ ឈ្មោះ នុត សោភ័ណ្ឌ បានគេទូរស័ព្ទផ្ទាល់ខ្លួនមកនាងខ្ញុំ បាននិយាយពាក្យអសុរោះអសីលធម៌ជាច្រើនពាក់ព័ន្ធផ្លូវភេទ ខាងខ្ញុំក៏បានចុចថតសម្លេង តែគាត់ដឹងខ្លួនទាន់ក៏ចុច បិទទូរស័ព្ទភ្លាមៗ។ បន្ទាប់មកនៅវេលាម៉ោងប្រហែលជាង១០ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឈ្មោះ នុត សោភ័ណ្ឌ បានហៅនាងខ្ញុំទៅយកឯកសារនៅបន្ទប់ធ្វើការរបស់គាត់ ខណៈពេលដែលនាងខ្ញុំដើរចេញមកវិញឈ្មោះ នុត សោភ័ណ្ឌ បានស្ទុះមកអោបនាងខ្ញុំពីក្រោយទាំងមិនដឹងខ្លួន ដៃម្ខាងខ្ទប់មាត់នាងខ្ញុំទាញមុខមកថើបញ៉ក់ញី ដៃម្ខាងទៀតធ្វើសកម្មភាពចាប់សុដន់នាងខ្ញុំច្របាច់យ៉ាងខ្លាំង នាងខ្ញុំបានស្រែកថាមេកុំធ្វើចឹង រួចនាងខ្ញុំខំរើបំរ៉ាស់ខ្លួនរត់ចេញមកក្រៅយ៉ាងលឿនៗ។ ចុងក្រោយនៅល្ងាចថ្ងៃទី២ ខែមេសាឆ្នាំ២០២៥ ការិយាល័យអប់រំស្រុកបានរៀបចំពិធីជប់លៀងជួបជុំមន្ត្រីរាជការ និងគ្រូបង្រៀន ឈ្មោះ ឌុត សោភ័ណ្ឌ ក៏បានចូលរួមដែរ វេលាម៉ោងខ្ទង់៧ទៅ៨យប់ គាត់បានដើរដល់កែវជាមួយភ្ញៀវជាច្រើនក្នុងកម្មវិធី រហូតមកដល់តុខាងខ្ញុំ គាត់បានឈរក្បែរកៅអីនាងខ្ញុំអង្គុយ ម្ខាងកាន់កែវស្រាជល់ ឯដៃម្ខាងទៀតលូកមកចាប់ចង្កេះនាងខ្ញុំ(នាងខ្ញុំមិនច្បាស់ថាមានអ្នកឃើញឬអត់ទេ) ឃើញថ្មី ស្រួលនាងខ្ញុំក៏ងើបដើរចេញ។ ដោយព្រួយបារម្ភណ៍ពីសុវត្ថិភាពផ្ទាល់ខ្លួនខ្លាចថ្ងៃណាមួយបុគ្គលនេះអាចឈាន នេះតទៅ ចាប់នាងខ្ញុំរំលោភសេពសន្ថវៈ នាងខ្ញុំអស់ការអត់ធ្មត់នឹងទង្វើថោកទាប និងអសីលធម៌ របស់បុគ្គលនេះតទៅទៀត ទើបនាងខ្ញុំសម្រេចចិត្តប្តឹងបុគ្គលនេះទៅតាមផ្លូវច្បាប់ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាផ្លូវច្បាប់នឹងផ្តល់យុត្តិធម៌ដល់រូបនាងខ្ញុំ។ នាងខ្ញុំមានការឈឈចាប់ សុំប្តឹងឈ្មោះនុត សោភ័ណ្ឌ នាងខ្ញុំមានការឈឺចាប់ក្នុងចិត្តជាខ្លាំង សូមប្តឹងទាមទារអោយច្បាប់ធ្វើការផ្តន្ទាទោស បុគ្គលខាងលើ ទៅតាមផ្លូវច្បាប់ និងសូមទាមទារអោយឈ្មោះ នុត សោភណ្ឌ សងជំងឺចិត្តមកនាងខ្ញុំជាទឹកប្រាក់ចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល)។
ជុំវិញការចោទប្រកាន់នេះ ចំណែកលោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បានឲ្យដឹងតាមប្រព័ន្ធតេលេក្រាម ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី ១៦ខែកក្កដាឆ្នាំ ២០២៥ នេះថា ពាក់ព័ន្ធនិងករណីនេះ មិនពិតទេវាជាការលាបពណ៌ខ្ញុំ ក្រសួងមហាផ្ទៃបានចុះមកស្រាវជ្រាវ៣ថ្ងៃហើយ។ ពីថ្ងៃទី៧ដល់ថ្ងៃទី៩ កក្កដានៅស្រុក២ថ្ងៃនៅខេត្ត១ថ្ងៃ បណ្តឹងនេះក៏ស្ថិតនៅក្នុងសាលាដំដូងខេត្តដែរ។ លោកបញ្ចាក់ថា ការប្តឹងនេះគឺមកពីគេចង់បានលុយដូរឡាន។
ពាក់ព័ន្ធនឹងករណីនេះដែរអាជ្ញាធរខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងករណីនេះថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ៕SRP

