ឯកឧត្តម នួន ផារ័ត្ន បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក និងមន្ទីរដែលពាក់ព័ន្ធ រួមគ្នាបើកយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រឹងប្រែងអស់ពីសមត្ថភាព លទ្ធភាព និងមានភាពស្មោះត្រង់
ខេត្តកំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក និងមន្ទីរដែលពាក់ព័ន្ធ រួមគ្នាបើកយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រឹងប្រែងអស់ពីសមត្ថភាព លទ្ធភាព និងមានភាពស្មោះត្រង់ ដោយមិនឱ្យកើតមានល្បែងអនឡាញនេះក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាដាច់ខាត។
ការដាក់បទបញ្ជានេះ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពបើកទូលាយ ដោយមានការចូលរួមដោយផ្ទាល់ និងអនឡាញ ពីឯកឧត្តមស្នងការនគរបាលខេត្ត ឯកឧត្តមមេបញ្ជាការងករាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង-ស្រុក លោកអធិការនគរបាលក្រុង-ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យទទួលបានប្រសិទ្ធភាព នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ៕SRP

