មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន
ខេត្តសៀមរាប៖នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានថ្លែងជំរុញឱ្យសមត្ថកិច្ចខេត្តសៀមរាប បន្តអនុវត្តឱ្យបានកាន់តែល្អលើគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសអាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវសហការពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន ជត្រូវពង្រឹងក្រមសីលធម៌ វិន័យរបស់កងកម្លាំង និងបង្កើនការយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់លើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ ថ្លែងយ៉ាងដូច្នេះនៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆមាសទី១ និងអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥។
លោកឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងថាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តតាមផែនការការពារ និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ ស្របតាមគោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសរក្សាបាននូវសន្តិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ប្រតិភូជាន់ខ្ពស់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។
លោកបន្តថា ដើម្បីទទួលបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គមល្អប្រសើរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានសហការជាមួយក្រុមការងារថ្នាក់ជាតិចុះ ជំរុញផ្សព្វផ្សាយរៀបចំការប្រឡងប្រណាំង និងផ្ដល់ប្រាក់រង្វាន់ដល់ឃុំ សង្កាត់ និងបុគ្គលឆ្នើម ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជាបន្តបន្ទាប់ថែមទៀតផងដែរ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការអនុវត្តតាមជំនាញ និងច្បាប់ឱ្យបានកាន់តែល្អបន្ថែមទៀត បន្តការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ខណៈបច្ចុប្បន្នការអនុវត្តគោលនយោបាយនេះ កាន់តែមានភាពល្អប្រសើរឡើង។
លោកបានបញ្ជាក់ថា គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាការដាក់ចេញរបស់រាជរដ្ឋាភិបាល ដែលប្រគល់ឱ្យក្រសួងមហាផ្ទៃ ជាសេនាធិការ ហើយចាំបាច់ត្រូវរៀបចំក្រុមការងារចុះតាមខេត្តនីមួយៗ ដើម្បីពិនិត្យមើលនៃការអនុវត្តគោលនយោបាយនេះ។
ក្នុងនោះ ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុងស្រុក ត្រូវបន្តជំរុញពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខ សណ្ដាប់ធ្នាប់ល្អ និងម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និងត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់ និងជំងឺរាតត្បាតផ្សេងៗឱ្យមានប្រសិទ្ធភាព៕SRP

