អាជ្ញាធរខេត្តសៀមរាប ប្រាប់ឱ្យអាជ្ញាធរស្រុកត្រូវបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ដេីម្បីជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

អាជ្ញាធរខេត្តសៀមរាប ប្រាប់ឱ្យអាជ្ញាធរស្រុកត្រូវបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ដេីម្បីជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

ខេត្តសៀមរាប៖លោកនាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានជំរុញដល់គណៈអភិបាលស្រុកពួក ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារឱ្យបានច្បាស់លាស់ ដេីម្បីជំរុញធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានមានការងារច្រើនដែលត្រូវដោះស្រាយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងថ្លែងដូចនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក លេង ពលៈ ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលស្រុកពួក។

លោក នាក់ ណេរ៉ុន លើកឡើងថា មន្ត្រីទាំងអស់ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលស្រុករបស់ខ្លួនឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា។ ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អភិបាលរងស្រុកដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការងារក្នុងស្រុកមានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុកឃុំ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ស្រុកពួក ឱ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត៕SRP