ក្រុមមន្ត្រីបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសសម្រាប់សិក្សាស្រាវជ្រាវលើការងារសន្តិសុខ នៃវេទិកាទីក្រុងឆ្លាតវៃសៀមរាប
ខេត្តសៀមរាប៖លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសម្រាប់សិក្សាស្រាវជ្រាវលើការងារសន្តិសុខ នៃវេទិកាទីក្រុងឆ្លាតវៃសៀមរាប ដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពលើការងារ ចត យានយន្ត ខុសច្បាប់ និងម៉ាស៊ីនប្រកាសអាសន្ន ឬបូតុងសង្គ្រោះបន្ទាន់សាធារណៈ។
កិច្ចប្រជុំនេះនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តសៀមរាបដោយមន្ត្រីបច្ចេកទេសពាក់ព័ន្ធ ក្រុមហ៊ុន Forval Cambodia និងតំណាងអង្គការ UN-Habita។
លោក ឡុង ម៉េនសុយ៉ាលី ស្នងការរងនគរបាលខេត្តតំណាងស្នងការនគរបាលខេត្ត បានធ្វើបទបង្ហាញអំពីដំណើរការប្រព័ន្ធត្រួតពិនិត្យការចតយានយន្តខុសច្បាប់ ដោយក្នុងមួយថ្ងៃការចតយានយន្តខុសច្បាប់ក្នុងមួយទីតាំងមានប្រមាណ ៣០ ទៅ ៤០ករណី ហើយខាងសមត្ថកិច្ចបានចុះទៅសម្របសម្រួលឱ្យមានភាពប្រសើរឡើង។ ម្យ៉ាងវិញទៀត ចំពោះដំណើរការម៉ាស៊ីនប្រកាសអាសន្ន ឬហៅថាប៊ូតុងសង្គ្រោះបន្ទាន់សាធារណៈយើងពិនិត្យឃើញថាបទល្មើសមានការថយចុះនៅតំបន់ផាប់ស្ទ្រីត ប៉ុន្តែយើងក៏ជួបបញ្ហាលំបាកដោយសារការរំខានដោយសំឡេងផងដែរ តែទោះជាយ៉ាងណាខាងសមត្ថកិច្ចក៏នៅតែខិតខំក្នុងការដោះស្រាយរាល់ការស្នើរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។ ទន្ទឹមនឹងនេះ ប្រសិនមានការបន្ថែមប៊ូតុងនេះ គួរពិនិត្យនៅលើផ្លូវអាចារ្យហែមចៀវពីស្តុបកោះកេត្តរិ៍ ដល់ស្តុបវត្តដំណាក់ ព្រោះថាតំបន់នេះមានភាពមមាញឹករបស់ប្រជាពលរដ្ឋ។
លោក ស្រី ហុក កក្កដា តំណាង ក្រុមហ៊ុន Forval បានធ្វើបទបង្ហាញអំពីដំណើរការសាកល្បងនូវប្រើប្រាស់នូវកាមេរ៉ាដែលភ្ជាប់បញ្ញាសិប្បនិមិត្ត សម្រាប់ចាប់មុខសញ្ញាបទល្មើសនានានៅតាមផ្លូវសាធារណៈ។
លោក អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារត្រូវត្រួតពិនិត្យ និងសហការក្នុងការរៀបចំនូវមុខងារនេះ ដើម្បីជាផលប្រយោជន៍ក្នុងការជួយដល់ជនរងគ្រោះ ឬការកើតឡើងនូវបទល្មើស។ មួយវិញទៀត លោកក៏បានស្នើដល់ក្រុមការងារបច្ចេកទេសទាំងអស់ត្រូវពិនិត្យលើគម្រោងរបស់ខ្លួនប្រសិនជាមានអ្វីពាក់ព័ន្ធនឹងកាមេរ៉ាដែលបំពាក់ដោយសញ្ញាសិប្បនិមិត្តខាងលេីនេះ ព្រោះយើងត្រូវមានច្រើនមុខងារដើម្បីជួយខេត្តយើងឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ និងមានប្រសិទ្ធភាពក្នុងការជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕SRP