ប្រាប់ឲ្យហើយ! លួចនៅសៀមរាបរត់មិនរួចទេ
ខេត្តសៀមរាប៖មុខសញ្ញាលួចម៉ូតូដ៏សកម្មដែលទើបចេញពីប្រពន្ធនាគារ ហើយធ្វើសកម្មភាពលួចម៉ូតូបន្ថែមទៀតត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាបហ្នឹងនគរបាលស្រុកសូទ្រនិគមន៍បានចំនួនពីរនាក់។
ស្នងការនគរបាលខេត្តសៀមរាបលោកឧត្តមសេនីយ៍ទោហួត សុធី បានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាការបង្ក្រាបធ្វើឡើង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ហួត សុធី បន្តថានៅថ្ងៃទី២៤,២៨ ខែមិថុនា ខែមិថុនា ឆ្នាំ២០២៥ មានករណីអំពើលួចម៉ូតូនៅក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនៃអធិការនគរបាលក្រុងសៀមរាប បានបើកការស៊ើបអង្កេតស្រាវជ្រាវ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះព្រិន ជឿន ភេទប្រុស អាយុ៤២ឆ្នាំ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើក ករណីអំពើលួចម៉ូតូ បន្ទាប់មកជនសង្ស័យឈ្មោះព្រិន ជឿន បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះឈឹម ហាន ហៅតាក្របីជុយ ភេទប្រុស បានធ្វើសកម្មភាពលួចម៉ូតូក្នុងក្រុងសៀមរាបចំនួន០៣លើក ហើយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះឈឹម ហាន ហៅតាក្របីជុយ ដែលជាបក្ខពួក និងបានស្រាវជ្រាវរកឃើញម៉ូតូចំនួន០២គ្រឿង ឈ្មោះឈឹម ហាន ហៅតាក្របីជុយ បានឆ្លើយសារភាពថាខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូ ជាមួយបក្ខពួកឈ្មោះព្រិន ជឿន ពិតប្រាកដមែន។
ស្នងការខេត្តសៀមរាបរូបនេះបានបញ្ជាក់ទៀតថា បន្ទាប់ពីសមត្ថកិច្ចបានបង្ក្រាបក្រុមលួចម៉ូតូដ៏សកម្មនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងបានម៉ូតូចំនួន០២គ្រឿង៖
ទី០១ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ សៀមរាប 1AQ -7895 ដែលមានលេខតួ និងលេខម៉ាស៊ីន 0121508
ទី០២ ម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AL-6172 មានលេខតួ/លេខម៉ាស៊ីន 6139687។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី រីឯវត្ថុតាង ម៉ូតូចំនួនពីរគ្រឿងបានប្រគល់ជូនជនរងគ្រោះវិញផងដែរ។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបពាក់ព័ន្ធនឹងករណីអំពើលួច(លួចម៉ូតូ) ទទួលបានជោគជ័យនេះដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP