ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលក្រុងសៀមរាបចាប់ខ្លួនបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ពាក់ព័ន្ធនឹងករណីអំពើលួចលួចម៉ូតូ។ ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។
ការបង្ក្រាបធ្វើឡើងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុង នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥។
នគរបាលក្រុងសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២២, ៣០នាទី កម្លាំងនគរបាលក្រុងសៀមរាប បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះថា៖ មានជនសង្ស័យម្នាក់បានលួចម៉ូតូរបស់ខ្លួន ដែលបានចតទុកនៅខាងមុខផ្ទះ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
នគរបាលក្រុងសៀមរាបបានបន្តថាក្រោយពីទទួលបានការរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនឈ្មោះ ហន ប៊ុនសុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន តែត្រូវបានជនរងគ្រោះ ជាម្ចាស់ម៉ូតូប្រទះឃេីញ និងរាយការណ៍មកសមត្ថកិច្ច។ វត្ថុតាង៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥។
សូមជម្រាបថាប្រតិបត្តិការតែងតែធ្វើជាប្រចាំដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប៕SRP