ស្នងការរងខេត្តឧត្តរមានជ័យមួយរូបបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្តឧត្តរមានជ័យ៖លោកស្នងការរងខេត្តឧត្តរមានជ័យមួយរូបបានទទួលមរណភាពក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ស្ថិត នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង។

សេចក្ដីរាយការណ៍ព័ត៌មានពីខេត្តឧត្តរមានជ័យបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាកអាល់ហ្វាត ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-6675 បានបុកពីក្រោយនឹងរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-3354 ដែលកំពុងឈប់ចតនៅខាងស្តាំដៃនៃផ្លូវ។

សេចក្ដីរាយការណ៍បានបន្តថា ជនរងគ្រោះ ជាតៃកុងរថយន្តអាល់ហ្វាត មានឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) មានឋានៈជាស្នងការរង នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានស្លាប់បន្ទាប់ពីត្រូវបានគេបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។

សេចក្ដីរាយការណ៍ដដែលបានបន្តថា មុនពេលកើតហេតុរថយន្តអាល់ហ្វាតខាងលើ បានបើកបរក្នុងល្បឿនលឿន ថែមពុំបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផងនោះនៅពេលមកដល់កន្លែងកើតហេតុ រថយន្តបានបុកទៅនឹងរថយន្តតាកូម៉ាដែលឈប់ចត សង្កត់ទៅផ្នែកខាងក្រោយយ៉ាងពេញទំហឹងតែម្ដង។

សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីធានាឲ្យមានសុវត្ថិភាពបន្ថែមលើផ្លូវជាតិ និងស្រាវជ្រាវពីមូលហេតុដ៏ជាក់លាក់នៃគ្រោះថ្នាក់នេះផងដែរ៕SRP