ខេត្តសៀមរាប៖មេបញ្ជាការកងរាជអាវុធហត្ថស្រុកក្រឡាញ់ លោកវរសេនីយ៍ត្រី អ៊ួន ម៉ាឌីន ត្រូវបានផ្លាស់ប្តូរដកចេញពីមុខតំណែងមេបញ្ជាការស្រុកក្រឡាញ់ ឲ្យទៅកាន់តំណែងថ្មី ដោយតែងតាំង លោកអនុសេនីយ៍ឯក ស្មៀន ពៃ មកពីស្រុកអង្គរជុំ ជំនួស ជាមេបញ្ជាការ មូលដ្ឋានស្រុកក្រឡាញ់។
ប្រកាសផ្លាស់ប្ដូរតំណែងនេះ ថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។
មានប្រសាសន៍ថ្លែងក្នុងអង្គពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង នឹងអរគុណចំពោះ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិកអង្គពិធីទាំងមូលដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់។
ឧត្តមសេនីយ៍ សៀ ទីន បានបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយអាវុធហត្ថនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានទំនុកចិត្តពីសំណាក់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ សន្តិភាព រក្សាសណ្តាប់ធ្នាប់ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អប្រសើរ៕SRP