អភិបាលខេត្តកំពង់ចាម ស្នើរឲ្យធនាគារជាតិនៃកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋ

អភិបាលខេត្តកំពង់ចាម ស្នើរឲ្យធនាគារជាតិនៃកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋ

ខេត្តកំពង់ចាម៖ដើម្បីជួយទប់ស្តាត់ការជំពាក់បំណុលធនាគាររបស់ប្រជាពលរដ្ឋ ដែលខ្ចីនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាច្រើនកន្លែង អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើរសុំដល់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឲ្យជួយផ្តល់ទិន្នន័យ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីគ្រប់គ្រងឲ្យទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋដែលជំពាក់បំណុល។

ឯកឧត្តមមានប្រសាសន៍បែបនេះ នៅក្នុងជំនួបពិភាក្សាការងាររដ្ឋបាលខេត្តកំពង់ចាម ជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍ចំពោះការផ្តល់ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា ចំពោះប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង ធ្វើឲ្យពួកគាត់ធ្លាក់ចូលក្នុងវិបត្តិបំណុល គ្មានលទ្ធភាពសងប្រាក់ត្រលប់ទៅម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ ដូច្នេះ រដ្ឋបាលខេត្ត នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយធានាគារជាតិនៃកម្ពុជា ដើម្បីរកច្រកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីឈានទៅគ្រប់គ្រងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តស្នើរសុំឲ្យធនាគារជាតិនៃកម្ពុជា ជួយរាយការណ៍ ចំពោះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលនៅតែបន្តឲ្យប្រជាពលរដ្ឋខ្ចីប្រាក់លើសពីសមត្ថភាពសងរបស់ខ្លួន រដ្ឋបាលខេត្តនឹងធ្វើការណែនាំ និងដាក់វិធានវិន័យរដ្ឋបាល ចំពោះម្ចាស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលប្រតិបត្តិលើសពីគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើការបន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន ដូចនេះ ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទិញផ្ទះបង់រំលស់ផ្ទាល់ពីបុរីដែលមានអត្រាការប្រាក់ខ្ពស់ ងាកមកខ្ចីសាច់ប្រាក់ពីធនគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅបង់ផ្ដាច់វិញ ដើម្បីទទួលបានការប្រាក់ទាប។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ផែនការបន្ត ធនាគារជាតិនៃកម្ពុជា នឹងស្វែងរកដំណោះស្រាយ សម្រាប់ប្រជាកសិករដែលកម្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកទិញជី និងសម្ភារៈបំរើវិស័យកសិកម្ម ឲ្យមានការបញ្ចុះអត្រាការប្រាក់ទាប នាពេលខាងមុខ៕SRP