ភ្នាក់ងារអភិរក្សប្រាសាទអាជ្ញាធរអប្សរា ម្នាក់ត្រូវបានគេលួចបាញ់សម្លាប់ ដោយយកកាំភ្នើងកែឆ្នៃ «កាំភ្លើងឆ្នុក»

ភ្នាក់ងារអភិរក្សប្រាសាទអាជ្ញាធរអប្សរា ម្នាក់ត្រូវបានគេលួចបាញ់សម្លាប់ ដោយយកកាំភ្នើងកែឆ្នៃ «កាំភ្លើងឆ្នុក»

ខេត្តសៀមរាប៖បុរសម្នាក់ជាភ្នាក់ងារអភិរក្សប្រាសាទ អាជ្ញាធរអប្សរា ត្រូវបានគេលួចបាញ់ប្រហារបណ្ដាលឱ្យបាត់បង់ជីវិត។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ២០ និង ៤៥ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ចំណុចផ្ទះរបស់ឈ្មោះ ឌុក សូត្រ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប ដែលទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃពុធនេះបង្ហាញថា ករណីឃាតកម្ម នេះបង្កឡើងដោយជនសង្ស័យបានធ្វើសកម្មភាពដោយយកកាំភ្នើងកែឆ្នៃ (កាំភ្លើងឆ្នុក) បាញ់ទៅលើជនរងគ្រោះ ពីក្រោយខណៈពេលអង្គុយផឹកស៊ី នៅផ្ទះបងប្អូនបណ្ដាលឲ្យស្លាប់ពេលយកទៅដល់មណ្ឌលសុខភាពខ្នងភ្នំ។

របាយការណ៍បានបន្តថា ជនរងគ្រោះ ឌុក ឌឿម ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរភ្នាក់ងារអភិរក្សប្រាសាទ អាជ្ញាធរអប្សរា រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

របាយការណ៍បានបង្ហាញថា នៅវេលាម៉ោង ២២ និង ០០ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ កម្លាំង៥ នាក់ រថយន្ដ១ គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី ឱ ប៊ុនណេ មេបញ្ជាការកងរាជអាវុធហត្មស្រុកស្វាយលើ បានសហការណ៍ ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ ដឹកនាំដោយលោក អនុសេនីយ៍ឯក សៀក សោភា នាយការិយល័យព្រហ្មទណ្ឌ ចុះស្រាវជ្រាវរកជនសង្ស័យជាប់ពាក់ព័ន្ធករណីខាងលើ។ លុះនៅវេលាម៉ោង ០៦ និង ៥០ នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យឈ្មោះ លឹម វ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅចំណុចដូនអ៊ិន ភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ។

នៅក្នុងរបាយការណ៍បានបញ្ជាក់គេថា អំពើឃាតកម្មនេះ សមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាង៖
១. កាំភ្លើងកែច្នៃ ចំនួន ០១ដើម ប្រវែង ១,៥៨ម៉ែត្រ
២. គ្រាប់បាដាងកង់ ចំនួន ០៦ គ្រាប់
៣. គីបផាវ ចំនួន ០៥ សាង (ស្មើនឹង ៣៩ គ្រាប់)
៤. ស្រកីដូង ចំនួន ០១ ដុំ
៥. រំសេវ ចំនួន ០១ កំប៉ុង។

ករណីខាងលើនេះ តាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប មូលហេតុ ជនសង្ស័យមានជម្លោះ ជាមួយឈ្មោះ ភឿន ផិត ហើយឈ្មោះ ភឿន ផិត បានវាយរូបខ្លួននឹងកៅអីចំនួន២ កៅអី ធ្វើឲ្យខ្លួនមានកំហឹង ក៏បានទៅយកកាំភ្លើងកែច្នៃមកបាញ់ ប៉ុន្ដែពុំបានដឹងថារូបខ្លួនបាញ់ចំទៅលើឈ្មោះ ឌុក ឌឿម នោះទេ (បាញ់ច្រឡំ)។

បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជហត្ថស្រុកស្វាយលើ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕SRP