ចៅអធិការវត្តសសរស្ដម្ភ និងអាណាព្យាបាល បានទទួលស្គាល់កំហុសដែលប្រើប្រាស់អំពើហិង្សាលើនេនចំនួន២អង្គ

ខេត្តសៀមរាប៖ព្រះចៅអធិការវត្តសសរស្ដម្ភ និងអាណាព្យាបាល បានទទួលស្គាល់កំហុសដែលប្រើប្រាស់អំពើហិង្សាលើនេនចំនួន២អង្គ។

មន្ទីរធម្មការ និងសាសនាខេត្ត សាលាគណខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកពួក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះធ្វើការស្រាវជ្រាវ បន្ទាប់ពីមានការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ chhem chanthy ថា ចៅអធិការវត្តសសរស្តម្ភ ប្រើប្រាស់អំពើហិង្សា លើលោកនេន រហូតបែកឈាមពេញខ្នង និងស្នើឱ្យអាជ្ញាធរជួយពិនិត្យមើលផ្នែកច្បាប់ផង។

ព្រះតេជគុណ ម៉ែន សាម៉ន ចៅអធិការវត្តសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក បានបំភ្លឺថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១០ព្រឹក ព្រះតេជគុណបានវាយប្រដៅទៅលើ សាមនេរចំនួន២អង្គពិតប្រាកដមែន ដោយនេនទី១.ឈ្មោះ ឈាន ច័ន្ទរតនា ទើបបួសបានរយ:ពេលជាង១ខែ និងនេនទី២.ឈ្មោះ នក តុលា ទើបបួសបានរយ:ពេល៤ខែ។

ចៅអធិការបន្តថា ការប្រៀនប្រដៅនេះដើម្បីណែនាំ ឱ្យសាមណេរប្រព្រឹត្ត ប្រតិបត្តតាមធម៌វិន័យព្រះពុទ្ធសាសនាឱ្យបានល្អប្រសើ ហើយការអប់រំនោះ ពុំមានគំនុំគុំគួនអ្វីឡើយ។ ករណីប្រៀនប្រដៅរហូតក្លាយជាអំពើហិង្សាលើនេនចំនួន២អង្គ នៅវត្តសសរស្ដម្ភ ចៅអធិការវត្ត បានទទួលស្គាល់កំហុស និងសន្យាមិនឱ្យកើតមានអំពើហិង្សាបន្តទៀតទេ។ ចំណែកអាណាព្យាបាលលោកនេនវិញ ក៏ទទួលស្គាល់កំហុសដូចគ្នាដែរ បន្ទាប់ពីបាន សសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិនទាន់ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ។ បន្ទាប់មកភាគីព្រះចៅអធិការ និងអាណាព្យាបាលនេន បានធ្វើកិច្ចសន្យាបញ្ចប់រឿងដោយមិនមានប្តឹងផ្តល់អ្វីនោះទេ។

គួររំលឹកថា វត្តសសរស្ដម្ភ មាននេនសរុបចំនួន១៣អង្គ ដែលកំពុងបួសរៀន និងគង់ចាំព្រះវស្សា។ ទន្ទឹមនោះ ជារឿយៗចៅអធិការ តែងតែបានប្រៀនប្រដៅទៅលើ លោកនេនៗ ដែលខុសឆ្គងក្នុងវិន័យសង្ឃជាប្រចាំ ពេលខ្លះមានការប្រើប្រាស់រំពាត់ជាដើមដើម្បីអប់រំ និងណែនាំផងដែរ។ ចំពោះ លោកនេនទាំង២អង្គ បច្ចុប្បន្នលោកនេន ១អង្គ ត្រូវបានផ្សឹក និង០១អង្គទៀត ត្រូវបានផ្លាស់ប្តូរវត្ត ដើម្បីគង់នៅសិក្សារៀនសូត្របន្ត៕SRP