ទីតាំងជញ្ជីងថ្លឹងរថយន្តនៅខេត្តបាត់ដំបង ហាមអ្នកសារព័ត៌មានថត អាចខ្លាចបែករឿងអាស្រូវរបស់ខ្លួនថ្នាក់លើដឹង

ខេត្តបាត់ដំបង៖មានការលើកឡើងថាទីតាំងស្ថានីយ៍ថ្លឹងរថយន្តនៅផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង គ្រប់គ្រងមើលការខុសត្រូវដោយលោក

លោក ហេង ប៊ុនលី បានហាមអ្នកសារព័ត៌មានមិនឲ្យថតរូបភាពសកម្មភាពរថយន្តបើកឆ្លងកាត់ស្ថានីយ៍ទំនងដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន។ ករណីហាមបែបនេះអាចខ្លាចបែករឿងអាស្រូវរបស់ខ្លួននាំឲ្យថ្នាក់ដឹកនាំបានដឹងការបើកដៃឲ្យមានរថយន្តធំៗបើកឆ្លងកាត់មិនបានថ្លឹង។

អ្នកយកព័ត៌មានឲ្យគេហទំព័រមាតុភូមិ នៅរសៀលថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ ២០២៥ បានចុះទៅយកព័ត៌មានក្នុងខេត្តបាត់ដំបង ដោយទទួលបានព័ត៌មានពីអ្នករកស៊ីដឹកជញ្ជូនទំនិញគ្រប់ប្រភេទតាមឡានធំៗ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ ៥ បានរអ៊ូរទាំថា មន្ត្រីប្រចាំការ​នៅ​ស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង សព្វថ្ងៃ បានយកទីស្នាក់ការជញ្ចីងថ្ថ្លឹងឡានធ្វើសកម្មភាពមិនប្រក្រតី។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជាក់ស្តែងម្ចាស់រថយន្តយីឌុប១គ្រឿងដឹកស្រូវពេញឡានបានប្រាប់អ្នកយកព័ត៌មានថា គាត់រកសុីដឹកជញ្ជូនស្រូវតាមផ្លូវជាតិលេខ៥ នេះ សឹងរាល់ថ្ងៃ គឺត្រូវតែបង់ លុយអោយទៅពួកមន្ត្រីកាន់ជញ្ជីងថ្លឹងរថយន្តនៅចំណុចទីតាំងខាងលើក្នុង០១ឡាន ពី០៦មុឺន រៀល ទៅ ០៧មុឺនរៀល ទោះជា​ការដឹកទំនិញមិន​លើស​ទម្ងន់ក៏ដោយ។ ដោយក្នុងមួយថ្ងៃៗ មានឡានដឹកទំនិញរាប់សិបគ្រឿងឯណោះ ដូច្នេះក្រុមមន្ត្រីនៅស្ថានីយ៍ខាងលើអាចប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិនខ្វល់រឿងខូចផ្លូវនោះទេ។

បើតាមគេហទំព័រមាតុភូមិបានផ្សាយថា នៅពេលអ្នកយកព័ត៌មានទៅដល់បានថតយកទីតាំងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពីចម្ងាយ លើដងផ្លូវសាធារណ:សោះ ស្រាប់តែមានមន្ត្រីប្រចាំការនៅក្នុងស្នាក់ការជញ្ជីងថ្លឹងរថយន្ត បានចេញមករារាំងហាមឃាត់ មិនអោយថតដោយប្រើកាយ វិការសម្ដីសំឡុតគំរាមកំហែងសួរកកាត រកលិខិតបេសកកម្ម ហើយថែម ទាំងចង់ចាប់ឃាត់ខ្លួនអ្នកកាសែតទាមទារអោយលុបរូបភាពចេញអោយអស់ ដោយមិនស្តាប់ការបកស្រាយពន្យល់ ពីហេតុផល នៃសិទ្ធិសេរីភាពរបស់អ្នកកាសែតទេ ព្រោះការថតរូបភាព ឬផ្សាយ Live លើផ្លូវសាធារណ: អំពីស្ថានីយ៍ជញ្ជីងថ្លឹងឡាននេះ មិនមានអ្វីខុសច្បាប់ទេ គឺជារបស់រដ្ឋ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់ទេ ម៉េចបានមករារាំង ហាមឃាត់អ្នកកាសែត មិនអោយថត?។

ករណីនេះ ទោះបីមានការជជែកវែកញែកតឹងសរសៃកដាក់គ្នារវាងអ្នកកាសែតមាតុភូមិ គឺលោក ទឺ ពិទូ និងមន្ត្រីនៅទីស្នាក់ការជញ្ជីងថ្លឹងរថយន្តនេះយ៉ាងណាក៏ដោយ ក៏ពុំកើតមានអំពើហិង្សាទេក្រោយ ពីបានលប់រូបភាពរួច មន្ត្រីរូបនោះបានប្រគល់កាតកាសែតដែលគេដកយកទៅថតចម្លងទុកហើយអោយមកវិញ។

ទាក់ទងករណីខាងលើនេះ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក ព្រួញ រដ្ឋា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងលោក ហេង ប៊ុនលី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅឡើយទេដោយមិនមានលេខទំនាក់ទំនង។ ប៉ុន្តែលោក ព្រួញ រដ្ឋា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឆ្លើយប្រាប់គេហទំព័រមាតុភូមិ តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ ២០២៥ ថា  លោកកំពុងជាប់រវល់ប្រជុំរួចក៏ចុចបិទទូរស័ព្ទផ្ដាច់ទំនាក់ទំនង។ ដោយឡែកលោក ហេង ប៊ុនលី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា បើលួចថតគេមិនអោយថតទេ បើបងអ្នកកាសែត មានកាតត្រឹមត្រូវ ថតពីក្រៅ គេអញ្ជើញអោយចូលថតខាងក្នុង ចៀសវាងថតពីខាងក្រៅ យកទៅបំប៉ោងព័ត៌មាន យកទៅចុះផ្សាយបំភ្លៃព័ត៌មានការពិតតាពីស តាពាសនាំអោយប៉ះពាល់ការងារនៅកន្លែងខ្ញុំ ( ហេង ប៊ុនលី )។ លោកហេង ប៊ុនលី បានបញ្ជាក់ថា កន្លងមកធ្លាប់មានបទពិសោធន៍ជាច្រើនព័ត៌មាន មានទំនាស់គ្នាជាច្រើន រហូតនាំអោយរឿងក្តីក្តាំង ជាច្រើនឡើងដល់តុលាការ អញ្ចឹងអ្វីដែល អ្នកកាសែតចង់ដឹង ចង់បានព័ត៌មានពិតប្រាកដច្បាស់លាស់ អ្វីដែលត្រូវបំភ្លឺ ត្រូវចូុលមើលខាងក្នុងទៀត តើគេធ្វើអ្វីយ៉ាងម៉េច អាហ្នឹងបំភ្លឺជូន តែបើអោយគាត់( ប៊ុនលី ) ទៅបំភ្លឺនៅខាងក្រៅអត់បំភ្លឺទេ តែលោកហេង ប៊ុនលី ថាសហការជានិច្ចជាមួយអ្នកកាសែត៕SRP