ខេត្តកំពង់ចាម សម្រេចបិទល្បែងស៊ីសងគ្រប់ប្រភេទ
អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានបង្កើតក្រុមការងារចុះចាត់វិធានការ ត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត ដោយបានចាប់ផ្ដើមយុទ្ធនាការ ពីថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២៤ ដោយស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ និងដាក់វិធានការធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ល្បែងស៊ីសងគ្រប់ប្រភេទ។
ទិសដៅបន្ត របស់គណៈបញ្ជាការឯកភាពខេត្ត គឺ ពង្រឹង និងជំរុញដល់ក្រុមការងារ ឲ្យបន្តសកម្មភាពចុះត្រួតពិនិត្យតាមដាន ស្រាវជ្រាវទីតាំងល្បែងស៊ីសង ឆ្នោតអាជីវកម្ម ពាណិជ្ជកម្ម គ្រប់ប្រភេទ ដោយធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹម។ ក្នុងនោះត្រូវចុះឆ្មក់ ឃ្លាំមើល ទីតាំងល្បែង ដែលបានធ្វើកិច្ចសន្យា បិទ កន្លងមក មិនឱ្យមានការលបលួចបើកឡើងវិញឡើយ និងល្បាតតាមភូមិសាស្ត្រ ដោយពិនិត្យមើលទីតាំង ផ្សេងទៀត ដែលលបលួចបើកលេងល្បែង ដោយនឹងត្រូវចាត់វិធានការបង្ក្រាបនៅនឹងកន្លែងតែម្ដង។
ក្នុងនោះ គណៈបញ្ជាការឯកភាពខេត្ត ក៏បានពង្រឹង និងបង្កើនសមត្ថភាពទ្វេឡើង លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព។
អនុសាសន៍បែបនេះ ត្រូវបានលោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លើកឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ស្ថិតនៅសាលប្រជុំ នៃសាលសន្និសីទសាលាខេត្តកំពង់ចាម៕SRP