លោកតាន់ គឹមសួរ នៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2024 នេះបានប្រកាសថារកឃើញក្រុមហ៊ុន សុវណ្ណភូមិ របស់លោកឧកញ៉ា អាន ម៉ាឌី នៅខេត្តព្រះវិហារ បានបំពាននូវលក្ខខណ្ឌដែលរដ្ឋបានដាក់ជូនស្ទើរតែទាំងស្រុង។
ខាងក្រោមនេះជាសំណេររបស់លោកតាន់ គឹមសួរ៖
ខ្ញុំគិតថាបើរដ្ឋាភិបាលមិនមានវិធានការសមស្របណាមួយទៅលើក្រុមហ៊ុនទាំងឡាយណាដែលមានការឈូសបំពានទៅលើដីព្រៃរដ្ឋ (បំផ្លាញធនធានធម្មជាតិយ៉ាងសន្ធឹកសន្ធាប់) និងមិនគោរពតាមលក្ខខណ្ឌដែលរដ្ឋដាក់ឲ្យទេ មហាជននឹងមិនមានការសប្បាយចិត្តទេ ដោយគិតថានេះគឺជារឿងដែលអយុត្តិធម៌បំផុតដែលប្រជាជនធម្មតាប្រព្រឹត្តិបទល្មើសព្រៃឈើបន្តិចបន្តួច មានការដាក់ទោសចាប់ចងដោយមិនមានការលើកលែង រីឯក្រុមហ៊ុនឈូសបំពានរាប់រយហិកតាបែរជាមិនមានចំណាត់ការអ្វីទៅវិញ ឬមានចំណាត់ការដែរ តែចំណាត់ដែលមានការយោគយល់ទៅវិញ។ ហើយករណីត្រីងៀតឆ្លៀតពង ឬកន្ទែលធំបន្លំដេកនឹងកើតមានឡើងជាបន្តបន្ទាប់។
លោកតាន់ គឹមសួរ បន្តថា ខ្ញុំបានរកឃើញថាក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអានម៉ាឌី នៅខេត្តព្រះវិហារបានបំពាននូវលក្ខខណ្ឌដែលរដ្ឋបានដាក់ជូនស្ទើរតែទាំងស្រុង (ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានទទួលខុសត្រូវលើសម្ដីរបស់ខ្ញុំចំពោះមុខច្បាប់)។
លោកបានបន្តថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទបានចុះទៅជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយមន្ទីបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះទៅដល់ក្រុមហ៊ុនសុវណ្ណភូមិនេះផ្ទាល់ ហើយបានសង្កេតឃើញថា ក្រុមហ៊ុនមិនបានអនុវត្តអនុវត្តតាមគោលការណ៍ដែលក្រសួងបានដាក់ឲ្យ៖
១/ មុនចាប់ផ្ដើមដំណើរការឈូសឆាយ ក្រុមហ៊ុនមិនបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីធ្វើការកំណត់នូវតំបន់ឈូសឆាយ។
២/ ក្រុមហ៊ុនបានធ្វើការឈូសឆាយប៉ះនូវតំបន់ទ្រនាប់ដងអូរដែលក្រសួងមានការហាមប្រាមជាដាច់ខាត។
៣/ ឈូសបំផ្លាញដីព្រៃរក្សាទុករបស់រដ្ឋអស់ជាច្រើនហិកតា។
៤/ មិនមានបិទlogo លើគ្រឿងចក្រ-យានយន្ត និងមិនបានអនុវត្តតាមវិធានបច្ចេកទេសជាធរមាន ដោយមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ធ្វើការតាមដានលើដំណើរការឈូសឆាយរបស់ក្រុមហ៊ុន។
៥/ មិនបានធ្វើការឈូសឆាយក្នុងមួយអនុតំបន់ម្ដង ហើយធ្វើការដាំដុះភ្លាមតាមលក្ខខណ្ឌដែលក្រសួងបានដាក់ឲ្យនោះទេ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថារដ្ឋាភិបាលនឹងមិនមានការយោគយល់ចំពោះទង្វើត្រីងៀតឆ្លៀតពង ឬដូចប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ធមន្ត្រីបានលើកឡើងថាកន្ទេលធំបន្លំដេក នេះជាដាច់ខាត។
ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពី ក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអាន ម៉ាឌី នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ ដោយមិនមានលេខទំនាក់ទំនង៕SRP