មន្ត្រីពន្ធដារសាខាខេត្តបន្ទាយមានជ័យម្នាក់ ខណ:បើករថយន្តចេញពីផ្ទះ ត្រូវជនមិនស្គាល់មុខ បើករថយន្តបំបុកធ្លាក់ស្រែហើយចុះទាញកាំបិតផ្គាក់ កាប់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសួនស្ទ័រ ស្ថិតក្បែរប៉ុស្តិ៍នគរបាលសង្កាត់ព្រះពន្លា ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះ ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
យោងតាមប្រភពបានឲ្យដឹងថាខណ:ជនរងគ្រោះ ឈ្មោះ សីហា ជាមន្ត្រីសាខាពន្ធដាខេត្តបន្ទាយមានជ័យ បានបើករថយន្តប្រភេទកាំម៉ារីសេរីចាស់ ពាក់ផ្លាកលេខ ភ្នំពេញ.2A-9247 ចេញពីផ្ទះបានប្រមាណជាង៥០ម៉ែត្រ ក្នុងទិសដៅពីលិច ទៅកើត ក៏ត្រូវបានរថយន្តមួយគ្រឿង ម៉ាកធុនត្រា ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AZ-6879 ដែលឃើញឈប់ចាំត្រង់ផ្លូវបំបែកជាបួន ផ្នែកខាងជើងបានបើកបំបុកចំពាក់កណ្តាលរថយន្តជនរងគ្រោះ បណ្តាលឲ្យធ្លាក់ចូលស្រែទៅមុខលេងរួច ហើយជនដៃដល់ក៏ចុះទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ចំកញ្ចឹងករ បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនបង្កបើករថយន្តគេចទៅប្លុងរថយន្តទុកចោលត្រង់ចំងាយពីទីតាំងកើតហេតុ ប្រមាណជា១គីឡូដី នៃផ្លូវប្រឡាយស្ពាន់តាផាន់ហើយគេចខ្លួនបាត់។
ប្រភពបានបន្តថាក្រោយកើតហេតុភ្លាមៗ ក្រុមសមត្ថកិច្ចនគរបាលចរាចរណ៍និងនគរបាលផ្នែកព្រហ្មទ័ណ្ឌ និងខេត្ត/ក្រុង បានចុះទៅពិនិត្យទីតាំងកើតហេតុផងដែរ។ ដោយឡែកជនរងគ្រោះ ត្រូវបានសាច់ញាតិនាំទៅសង្គ្រោះបន្ទាន់។
បើតាមការឲ្យដឹងពីសមត្តកិច្ច និងនៅកន្លែងកើតហេតុបានធ្វើការសន្និដ្ឋានថា ករណីនេះអាចជារឿងគំនុំ ព្រោះតាមការសាកសួរបឋម ជនបង្កបើកឡានមកចាំ ឃ្លាំមើលចាំជនរងគ្រោះ បើករថយន្តចេញពីផ្ទះ ដើម្បីធ្វើសកម្មភាពបើករថយន្តបុក ហើយយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះតែម្ដង។ ពាក់ព័ន្ធករណីនេះបច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឈានទៅកំណត់មុខសញ្ញា តាមចាប់ខ្លួនជនបង្កដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕SRP