ខេត្តក្រចេះ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាមានការលើកឡើងថាមន្ត្រីគយតំបន់៦បានដាក់ប៉ុស្តិ៍ជជុះ នៅច្រកត្រពាំងស្រែ ចូលច្រកប៉ុស្តិ៍ដេបី ដើម្បីប្រមូលលុយពីអាជីវករដឹកទំនិញចេញចូលកម្ពុជា.វៀតណាម យ៉ាងពេញបន្ទុក។
ប្រជាពលរដ្ឋបានបង្ហើបថា ក្រុមឈ្មួញនិងអាជីវករ ដែលរកស៊ីដឹកទំនិញអត់ច្បាប់និងទំនិញបង់ពន្ធមិនគ្រប់ រៀងរាល់ថ្ងៃ តាមផ្លូវថ្នល់ប៉ុស្តិ៍អន្តរជាតិត្រពាំងស្រែ ចូលតាមផ្លូវទៅប៉ុស្តិ៍ច្រកដេបី ដល់ព្រំដែន កម្ពុជា .វៀតណាម ដែលមានប៉ុស្តិ៍ជជុះមួយកន្លែង ជាពិសេស របស់មន្រ្តីគយតំបន់៦ លោកព្រាប គារ៉ាត់ហៅគយសិទ្ធ ចាំយកលុយពីពួកគាត់តាមអំពើចិត្តដោយមិនខ្វល់និងការរិះគន់ឡើយ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា៖ ប៉ុស្តិ៍របស់គយតំបន់៦ គឺនៅចំណុចភូមិច្រាប ឃុំពីធ្នូ ស្រុកស្នួល ដោយប៉ុស្តិ៍នោះនៅក្នុងផ្ទះឈើ គ្មានដាក់សញ្ញាសម្គាល់ស្ថាប័នគយឡើយ គ្រាន់តែតំរៀបក្បាលឡានចាំដេញស្ទាក់ រថយន្តនិងរ៉ឺម៉កម៉ូតូ ប្រសិនអាជីវករណា មិនបានចូលបង់លុយតាមកំណត់របស់ពួកគេនោះទេ។
មានការលើកឡើងថា អ្នកប្រមូលលុយនៅប៉ុស្តិ៍ទាំងនោះភាគច្រើន មិនមានស្លៀកពាក់ឯកសណ្ឋានសំគាល់ជាមន្ត្រីគយនោះទេ គឺស្លៀកពាក់ខោអាវស៊ីវិលធម្មតា ដោយពួកគេទាំងនោះគាបយក លុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ចេញ
ចូលតាមច្រកប៉ុស្តិ៍ដេបី ដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះឡើយ។ បញ្ហាទាំងនេះអាជីវករ បានសំណូមពរដល់លោក គុណ ញឹម អគ្គនាយកគយរដ្ឋាករ ជួយពិនិត្យមើលមន្ត្រី ក្រុមគយខាងលើផង។
សូមជម្រាបថែមថា ច្រកដេបី មានក្រុមឈ្មួញនិងអាជីវករដឹកទំនិញចេញចូល ក្នុងនោះទំនិញដូចជាបារីម្សៅ សម្ភារៈ និងកសិផលផលផ្សេងៗទៀត ដឹកទៅវៀតណាម។ ចំណែកទំនិញមកពីប្រទេសវៀតណាមចូលមកខ្មែរវិញ មានដូចជាទំនិញចាប់ហួយជាច្រើនមុខទៀតផងដែរ។
ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ធ្វើបានការបំភ្លឺពីមន្ត្រីគយតំបន់ 6 ដែលរងការចោទប្រកាន់នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP