លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានប្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង ស្រុកនៃខេត្តកំពង់ស្ពឺថា ក្នុងករណីចាំបាច់ ឬមានការងារបន្ទាន់ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ អាចទាក់ទងមកឯកឧត្តមដោយផ្ទាល់ ដោយកុំរង់ចាំទាល់តែមានកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកថា ក្នុងករណីដែលមានកិច្ចការងារបន្ទាប់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ចេញពីវេទិការសាធារណៈ ក្រុមការងារអាចទាក់ទងមកកាន់លោកឯកដោយផ្ទាល់ ភ្លាមៗដោយកុំចាំបាច់រង់ចាំ ទាល់តែមានការរៀបចំកិច្ចប្រជុំ។
លោកឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ស្របពេលដែល ក្រុមការងារបានពិភាក្សា និងផ្តល់នូវរបាយការណ៍ជាច្រើននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ ជាពិសេសការលើកឡើងនូវវឌ្ឍនភាពការងារទាក់ទងទៅនឹងការធ្វើវេទិកាសាធារណៈ ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរំលេចនូវសមិទ្ធផលការងារជាច្រើនដែលក្រុមការងារគ្រប់គោលដៅ ជាពិសេសបានដោះស្រាយបញ្ហានានា ជូនទៅដល់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ ដែលជាសកម្មភាពដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមដោះស្រាយបញ្ហាដែលកើតឡើងនានា តាមមូលដ្ឋាននីមួយៗ នៅទូទាំងប្រទេស។
តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ។ លោកបានលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយរាល់កង្វល់នានា ដែលប្រជាពលរដ្ឋបានជួបប្រទះ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា៕SRP